ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងធ្វើសកម្មភាពដាក់បណ្ដាញលូមួយខ្សែចូលវត្តអង្គតាម៉ិញ ដោយចាប់ពីផ្លូវ២០០៤ រហូតដល់ផ្លូវសហព័ន្ធរុស្ស៊ី ដើម្បីរំដោះទឹកលើបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ផ្លូវ២០០៤ ពិសេស នៅក្នុងភូមិប៉ប្រកខាងត្បូងនិងភូមិត្រពាំងល្វា និង ភូមិមួយចំនួន ជាប់ព្រំប្រទល់ខណ្ឌសែនសុខ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះថា ដើម្បីរំដោះទឹកលិចលង់លំនៅឋានប្រជាពលរដ្ឋ នៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ និងសង្កាត់មួយចំនួននៅក្នុងខណ្ឌសែនសុខ រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងបើកការដ្ឋាន ដាក់បណ្តាញលូមួយខ្សែ ដោយចាំពីផ្លូវ ២០០៤រហូតមកដល់ផ្លូវសហព័ន្ធរុស្ស៊ី ។ បណ្ដាញលូដែលបាននឹងកំពុងដាក់នៅតាមបណ្តោយផ្លូវចូលវត្តអង្គតាម៉ិញនេះ មានមុខកាត់ ១ម៉ែត្រ២តឹក ហើយក្រោយពីបញ្ចប់ការដ្ឋាននៃ ដាក់បណ្ដាញលូនេះ រដ្ឋបាលរាជធានីភ្នំពេញនិងធ្វើការស្ថាបនាការផ្លូវបេតុងឆ្អឹងដែកលើបណ្តាញលូនេះផងដែរ(ចាប់ពីផ្លូវ២០០៤រហូតដល់រហូតដល់ផ្លូវសហព័ន្ធរុស្ស៊ី)។ មានន័យថា ក្រោយពីបញ្ចប់ការដ្ឋាននេះប្រជាពលរដ្ឋនឹងទទួលបានផ្លូវ ធ្វើដំណើរបានស្រួល ហើយក៏លែងលិចលង់ដោយជំនន់ទឹកភ្លៀងផងដែរ។
មន្ត្រីដដែលបញ្ជាក់ទៀតថា កន្លងមកនេះ តាមបណ្ដោយផ្លូវខាងលើ ក្នុងភូមិប៉ប្រក់ , ភូមិត្រពាំងល្វានិងតំបន់ជុំវិញនេះតែងតែទទួលរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀងយ៉ាងខ្លាំង។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ លោកឃួង ស្រេង ជាអភិបាល បានសម្រេចឲ្យដំណើរការ ការដ្ឋានស្ថាបនាលូមួយខ្សែនៅតាមបណ្ដោយផ្លូវនេះ ជាមួយនឹងការស្ថាបនាផ្លូវបេតុងឆ្អឹងដែកមួយខ្សែផងដែរ ៕ ស តារា