ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបអនុប្រធានាធិបតីសាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ា

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀល ថ្ងៃអង្គារ ៨រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯ.ឧ U Henry Van Thio អនុប្រធានាធិបតីនៃសាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានសន្តិភាព។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ឯ.ឧ U Henry Van Thio ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ (2nd Asia Pacific Summit) ដែលជាព្រឹត្តិការប្រវត្តិសាស្ត្របង្ហាញពីសាមគ្គីភាពក្នុងចំណោមប្រជាជាតិអាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានបង្ហាញអំពីសាមគ្គីភាពរវាង មីយ៉ាន់ម៉ា និងកម្ពុជាក្នុងទំនាក់ទំនងទ្វេភាគីផងដែរ។ ជាមួយគ្នានោះ ឯ.ឧ U Henry Van Thio បានមានប្រសាសន៍ថា ពិតជារីករាយណាស់ដែល បានមកចូលរួមក្នុងវេទិកាអាស៊ីប៉ាស៊ីហ្វិកនេះ ហើយ ឯ.ឧ បានសម្តែងនូវការកោតសរសើរ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងសូមអបអរសាទរចំពោះជោគជ័យក្នុងការប្រព្រឹត្តទៅនៃកិច្ចប្រជុំកំពូលនេះ។ ទន្ទឹមនឹងនេះឯ.ឧ U Henry Van Thio បានរំលឹកពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-មីយ៉ាន់ម៉ា គឺថាឆ្នាំក្រោយជាខួប ៥៥ឆ្នាំនៃទំនាក់ទំនងការទូត នៃប្រទេសយើងទាំង លើសពីនេះទៀងដែរក្រៅពីទំនាក់ទំនងទេ្វភាគី គឺប្រទេសយើងទាំងពីរក៏មានកិច្ចទំនាក់ទំនងក្នុងតំបន់និងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន រួមទាំងកិច្ចប្រជុំកំពូលផ្សេងទៀតជាច្រើនផងដែរ។

នៅក្នុងកិច្ចពិភាក្សាគ្នានេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានរិះរកវិធីធ្វើយ៉ាងណាជំរុញទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យវប្បធម៌ និងទេសចរណ៍ ។ កម្ពុជា-មីយ៉ាន់ម៉ា មានកិច្ចព្រមព្រៀងមួយចំនួនហើយ និងបានខិតខំអនុវត្តធ្វើយ៉ាងណាជំរុញឲ្យលើការហោះហើរត្រង់ ព្រោះកន្លងមកការហោះហើយត្រង់មិនមានភ្ញៀវគ្រប់គ្រាន់ ហើយក៏បានផ្អាកទៅវិញ។

ក្នុងវិស័យអប់រំ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យជំរុញការផ្លាស់ប្តូរនិស្សិត តាមរយៈការផ្ដល់អាហារូបករណ៍ គ្នាទៅវិញទៅមក។ កន្លងមក ក្នុងការបំពេញទស្សនកិច្ច របស់លោកជំទាវ អុងសាន ស៊ូជីរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាហារូបករណ៍ ដល់មីយ៉ាន់ម៉ាចំនួន១០ ហើយសូមឲ្យភាគីមីយ៉ាន់ម៉ា ពិនិត្យឆ្លើយតប ដើម្បីឲ្យមានកិច្ចព្រមព្រៀងជាមួយគ្នា លើបញ្ហានេះ។ ដោយសារនៅឆ្នាំក្រោយ មីយ៉ាន់ម៉ា នឹងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក លើកទី៣ ឯ.ឧ U Henry Van Thio បានអញ្ជើញសម្ដេចតេជោ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនោះ។ ទន្ទឹមនឹងនេះ សម្តេចមានប្រសាសន៍ថា នឹងអញ្ជើញទៅចូលរួម ដើម្បីបង្ហាញពី សាមគ្គីភាពប្រជាជាតិ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាចូលរួមក្នុងការកសាងសន្តិភាព សម្រាប់តំបន់ផងដែរ។ ជាមួយគ្នានេះផងដែរ ឯ.ឧ U Henry Van Thio បានថ្លែងអរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានសន្យាថានឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនោះ និងសូមជូនពរសម្ដេចតេជោ មានសុខភាពល្អ ជោគជ័យចំពោះការដឹកនាំកម្ពុជាបន្តទៀត។ ទន្ទឹមនឹងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើសួរសុខទុក្ខចំពោះលោកប្រធានាធិបតី ក៏ដូចជាលោកជំទាវ អុងសាន ស៊ូជី ផងដែរ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោ ក៏បានជូនពរ ឯ.ឧ U Henry Van Thio និងគណប្រតិភូទាំងអស់ទទួលបានជោគជ័យលើកកិច្ចការជាបន្តបន្ទាប់ទៀត៕


ចែករំលែក៖