ពិធីបុណ្យឯករាជ្យជាតិអាមេរិក លើកទី២៤៣ឆ្នាំ មានការខុសប្លែកពីលើកមុនៗ ដោយឆ្នំានេះ នៅមានការបង្ហាញ យន្តហោះទំនើបៗមួយចំនួននៅលើអាកាស ។ ក្រៅពីនេះ ក៏មានរថក្រោះ រថពាសដែកមួយចំនួនផងដែរ ប៉ុន្តែមិនបានធ្វើព្យុហយាត្រា កងរថក្រោះនោះឡើយ ។
អាមេរិក ក្រោមការដឹកនាំរបស់លោក ត្រាំ បានរៀបចំពីធីបុណ្យឯករាជ្យជាតិ លើកទី២៤៣ឆ្នាំ នៅថ្ងៃទី៤ ខែកក្កដា (ត្រូវនឹងថ្ងៃទី៥ខែកក្កដា នៅកម្ពុជា)។ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានសរសើរនូវវីរភាព របស់កម្លាំងទាហានអាមេរិក ។
នៅមុខស្តូប Lincoln នៅទីក្រុងវ៉ាស៊ីនតោន លោកត្រាំបាន ថ្លែងសុន្ទរកថា សរសើរដល់ការលះបង់របស់ទាហានអាមេរិក ទើបមានទិវា ៤ កក្កដា ជាថ្ងៃឯករាជ្យជាតិ ។ អ្នកនយោបាយអាមេរិកមួយចំនួន បានបារម្ភខ្លាចលោក ត្រាំ ប្រើប្រាស់ព្រឹត្តិការណ៍ដើម្បីឃោសនាបោះឆ្នោត ប៉ុន្តែលោកត្រាំបានផ្តោតទៅលើសុន្ទរកថា ដែលបានរៀបចំរួចតែប៉ុណ្ណោះ ។
ប្រធានាធិបតី ត្រាំ បានប្រកាសថា «ថ្ងៃនេះ យើងបានមកជួបជុំគ្នាដើម្បីអបអរសាទរថ្ងៃពិសេសរបស់ទឹកដីអាមេរិក ។ យើងរំលឹកទិវាប្រវត្តិសាស្ត្រ មនុស្សជាតិ និងវីរបុរស ទាហានប្រុស ស្រី ដែលបានពលីដើម្បីអាមេរិក»។ នៅពេលពិធីចាប់ផ្តើម គឺមានភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែពលរដ្ឋនៅតែ រក្សាវត្តមាននៅជុំវិញ រម្មណីយដ្ឋាន NATIONAL MALL ជុំវិញស្តូប Lincoln ។
នៅក្នុងពិធីនេះ មានទាហានអាមេរិកប្រមាណ៨០០នាក់ ចូលរួម ព្រមទាំង កម្លាំងការពារសន្តិសុខ ប្រមាណ ៩០០នាក់ទៀត ។ តាមការប្រកាសរបស់សេតវិមាននៅក្នុងពិធីនោះ មានការហោះហើរ យន្តហោះចម្បាំងទំនើបៗរបស់អាមេរិក ។ យន្តហោះដែលចូលរួម ក្នុងពិធីនោះ មាន F-18, F-35, F22, C-130, MH-60, MH-65, B-2, V-92, V-22 និង AH64. ទន្ទឹមនឹងនោះក៏មានរថក្រោះពីរគ្រឿង ប្រភេទ Abrams និងរថយន្តចម្បាំងពីរគ្រឿង Bradley ព្រមទាំងរថពាសដែកពីរគ្រឿង M88 ៕