ព័ត៌មានទាន់ហេតុការណ៍៖

ទិដ្ឋភាពនៃពិធីបុណ្យឯករាជ្យ​ជាតិអាមេរិក ក្រោមការដឹកនាំរបស់លោក ត្រាំ

ចែករំលែក៖

ពិធីបុណ្យឯករាជ្យជាតិអាមេរិក លើកទី​២៤៣ឆ្នាំ មានការខុសប្លែកពីលើកមុនៗ ដោយឆ្នំានេះ នៅមានការបង្ហាញ យន្តហោះទំនើបៗមួយចំនួននៅលើអាកាស ។ ក្រៅពីនេះ ក៏មានរថក្រោះ រថពាសដែកមួយចំនួនផងដែរ ប៉ុន្តែមិនបានធ្វើព្យុហយាត្រា កងរថក្រោះនោះឡើយ​ ។

អាមេរិក ក្រោមការដឹកនាំរបស់លោក ត្រាំ បានរៀបចំពីធីបុណ្យឯករាជ្យជាតិ លើកទី​២៤៣ឆ្នាំ នៅថ្ងៃទី​៤ ខែកក្កដា (ត្រូវនឹងថ្ងៃទី​៥ខែកក្កដា នៅកម្ពុជា)។​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានសរសើរនូវវីរភាព របស់កម្លាំងទាហានអាមេរិក ​។

នៅមុខស្តូប Lincoln នៅទីក្រុងវ៉ាស៊ីនតោន​ លោកត្រាំបាន ថ្លែងសុន្ទរកថា​​ សរសើរដល់ការលះបង់របស់ទាហានអាមេរិក​ ទើបមានទិវា ៤ កក្កដា​ ជាថ្ងៃឯករាជ្យជាតិ ។ អ្នកនយោបាយអាមេរិកមួយចំនួន បានបារម្ភខ្លាចលោក ត្រាំ ប្រើប្រាស់ព្រឹត្តិការណ៍ដើម្បីឃោសនាបោះឆ្នោត ប៉ុន្តែលោកត្រាំ​បានផ្តោតទៅលើសុន្ទរកថា ដែលបានរៀបចំរួចតែប៉ុណ្ណោះ ។

ប្រធានាធិបតី ត្រាំ​ បានប្រកាសថា «ថ្ងៃនេះ យើងបានមកជួបជុំគ្នាដើម្បីអបអរសាទរ​ថ្ងៃពិសេសរបស់ទឹកដីអាមេរិក ។ យើងរំលឹកទិវាប្រវត្តិសាស្ត្រ ​មនុស្សជាតិ និងវីរបុរស ទាហានប្រុស ស្រី ដែលបានពលីដើម្បីអាមេរិក»។ នៅពេលពិធីចាប់ផ្តើម គឺមានភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែពលរដ្ឋនៅតែ រក្សាវត្តមាននៅជុំវិញ រម្មណីយដ្ឋាន​ NATIONAL MALL ជុំវិញស្តូប Lincoln ។

នៅក្នុងពិធីនេះ មានទាហានអាមេរិក​ប្រមាណ​៨០០នាក់ ចូលរួម​ ព្រមទាំង កម្លាំងការពារសន្តិសុខ ប្រមាណ ៩០០នាក់ទៀត ​។ តាមការប្រកាសរបស់សេតវិមាន​នៅក្នុងពិធីនោះ មាន​ការហោះហើរ យន្តហោះចម្បាំងទំនើបៗរបស់អាមេរិក ​។ យន្តហោះដែលចូលរួម ក្នុងពិធីនោះ មាន F-18, F-35, F22, C-130, MH-60, MH-65, B-2, V-92, V-22 និង AH64. ទន្ទឹមនឹងនោះក៏មានរថក្រោះពីរគ្រឿង ប្រភេទ Abrams និងរថយន្តចម្បាំងពីរគ្រឿង Bradley ​ព្រមទាំងរថពាសដែកពីរគ្រឿង​ M88 ៕


ចែករំលែក៖