ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្តឹងលោក សម រង្ស៊ី ចូលតុលាការ ដែលចោទប្រកាន់ ថា សម្តេច ស ខេង មានបំណងគាំទ្រ លោក ឌី វិជ្ជា សងសឹកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធការស្លាប់របស់លោក ហុក ឡុងឌី អតីតអគ្គស្នងការនគរបាលជាតិ ។
ពាក់ព័ន្ធករណីនេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង ថ្លែងថា សម្តេច ស ខេង ពិតជាបានប្តឹងលោក សម រង្ស៊ី មែន នៅព្រឹកថ្ងៃទី៦ ខែកក្កដា នេះ ដែលពេលនេះ ស្ថាប័នអយ្យការកំពុងចាត់ការ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស សរសេរតាមបណ្តាញសង្គម Facebook ដោយចោទប្រកាន់ថា “លោក ឌី វិជ្ជា កំពុងតែគិតគូរអំពីផែនការសងសឹកបិតារបស់លោក។ ផែនការនេះ មានការគាំទ្រពីលោក ស ខេង ពីព្រោះ លោក ស ខេង ដឹងខ្លួនថាលោក ហ៊ុន សែន កំពុងតែរៀបចំផែនការដកដំណែងរបស់គាត់ ឬក៏កម្ចាត់គាត់តែម្តង…”៕ ចេស្តា