ខេត្តកំពងធំ៖ ក្មេងប្រុសម្នាក់លង់ទឹកស្រះស្លាប់ កាលពីម៉ោង៨និង៣០នាទី ថ្ងៃទី៦ ខែកក្កដាឆ្នាំ២០១៩ នៅចំណុចខាងក្រោយផ្ទះខ្លួនឯង នៅភូមិ ចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ ជា មន្នី ភេទប្រុស អាយុ៥ឆ្នាំ នៅភូមិ ឃុំកន្លែង កើតហេតុខាងលើ ។
តាមការបំភ្លឺពី ឈ្មោះ ឌូយ សុនា អាយុ ៣៦ឆ្នាំត្រូវជាម្តាយសព បានបំភ្លឺថា៖ ជារៀងរាល់ថ្ងៃ គាត់តែងតែទៅដងទឹកពីស្រះ ហើយកូនគាត់ ក៏លេងនៅមាត់ស្រះដែរ លុះដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ ម៉ោងប្រហែល៨ព្រឹក កូនគាត់ បានចុះទៅក្នុងស្រះទឹកម្តងហើយ តែគាត់បានហៅមកផ្ទះវិញ អោយវាអង្គុយលេងជាមួយកូនទាជិតកន្លែងបិទស្រានៅក្រោយផ្ទះ បន្ទាប់មក គាត់បានដើរទៅយកអង្ករនៅក្រោមផ្ទះ ពេលត្រឡប់មកវិញ ស្រាប់តែបាត់កូន គាត់បានដើរទៅមើលក្នុងស្រះក៏ឃើញ កូនអណ្តែតផ្កាប់មុខក្នុងស្រះ ហើយកូនទា ចំនួន៩ក្បាលហែល ទឹកលេងជិតសពកូនគាត់។ ភ្លាមនោះគាត់បានស្រង់មកឲ្យគេជួយធ្វើចលនារលាក់ទឹកចេញ វានៅតែមិនដឹងខ្លួន ដោយមិនអស់ចិត្តក៏បានដឹកទៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង គ្រូពេទ្យ ប្រាប់ថា៖ ស្លាប់បាត់ហើយ ក៏នាំគ្នាដឹកសពយកមកផ្ទះវិញ ។
ទទួលព័ត៌មាន កម្លាំងជំនាញស្រុក និងប៉ុស្តិ៍ ព្រមទាំងរដ្ឋអំណាចមូល ដ្ឋាន បានចូលរួមពិនិត្យសព មិនឃើញមានស្លាកស្នាមអ្វីឡើយ ហើយសន្និដ្ឋានថា ស្លាប់ដោយលង់ទឹកស្រះពិតប្រាកដមែន ។
មូលហេតុ ដោយសារ វាចុះតាមកូនទាលេងក្នុងទឹកស្រះម្នាក់ឯងបណ្តាលឲ្យលង់ស្លាប់ ។
សព ត្រូវបានប្រគល់ឲ្យម្តាយធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី