ព័ត៌មានទាន់ហេតុការណ៍៖

យកថ្នាំបាញ់ស្រូវ! បាញ់លើក្មេងៗ នគរបាលក្រៀកជាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍នគរបាលរដ្ឋបាល សហការចុះអនុវត្តបណ្ដឹងករណីហិង្សាបាញ់ថ្នាំពុលលើក្មេងៗ សង្ស័យរឿងគំនុំជាមួយឪពុកម្ដាយក្មេងរងគ្រោះ ។

ប្រតិបត្តិការខាងលើធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ៦កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលស្រុកក្រគរឃើញថា ស្រ្តីជាជនសង្សត្រូវបានឃាត់ខ្លួនឈ្មោះ ផាន នាង អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ហើយការឃាត់ខ្លួនស្រ្តីរូបនេះ គឺជាការអនុវត្តន៍បណ្ដឹងរបស់ឈ្មោះ សាំង សារុំ ភេទស្រី អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ត្រូវជាជីដូនរបស់ក្មេងៗរបួសចំនួន ៣នាក់ ទី១ ឈ្មោះ យ៉ាន់ កែវ ភេទស្រី អាយុ ៦ឆ្នាំ ជនជាតិខ្មែរ ទី២ កែ រៀម ភេទស្រី អាយុ ៩ឆ្នាំ ជនជាតិខ្មែរ និងទី៣ ឈ្មោះ កែ ចំរុង ភេទប្រុស អាយុ ៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ និងជីដូនជាម្ចាស់ពាក្យបណ្ដឹងថា ស្រ្តីសង្ស័យបានយកថ្នាំបាញ់ស្រូវបាញ់លើចៅៗរបស់គាត់បណ្ដាលឲ្យរងរបួស ។

របាយការណ៍នគរបាលបន្តថា ក្នុងបណ្ដឹងខាងលើ នាល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចបឹងទីសី ស្ថិតក្នុងភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ស្រ្តីសង្ស័យបានយកថ្នាំសម្រាប់បាញ់ស្រូវបាញ់មកលើក្មេងៗបណ្ដាលឲ្យរងរបួសដោយគ្មានមូលហេតុ នៅគ្រាដែលក្មេងៗរងរបួសទាំងនោះ ទៅកង្វាលសត្វក្របីត្រង់កន្លែងកើតហេតុ ទើបជីដូនក្មេងៗរបួសឈ្មោះ សាំ សារុំ សម្រេចដាក់ពាក្យបណ្ដឹងប្ដឹងជាស្រ្តីសង្ស័យដៃដល់ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្សាចំបក់ ។

របាយការណ៍ដដែលបន្តទៀតថា ស្រ្តីសង្ស័យដៃដល់ចិត្តឆេវឆាវ ផាន នាង នាំយកមកបន្តនីតិវិធីនៅអធិការដ្ឋានស្រុកក្រគរ ហើយក៍បានឆ្លើយសាភាពចំពោះមុខសមត្តកិច្ចថា ខ្លួនពិតជាបានប្រព្រិត្តពិតប្រាកដ ដោយមានគំនុំគំគន់ជាមួយស្រ្តីម្ចាស់បណ្ដឹងត្រូវជាជីដូនក្មេងៗ និងម្ដាយរបស់ក្មេងៗរងរបួស ករណីហិង្សាដោយយកថ្នាំបាញ់ស្រូវបាញ់មកលើមនុស្សខាងលើនេះ សមត្ថកិច្ចនគរបាលជំនាញកំពុងមមាញឹកបន្តនីតិវិធី ៕ បុឹម ពិន


ចែករំលែក៖