ព័ត៌មានទាន់ហេតុការណ៍៖

ព្រោះតែចង់ហូបស៊ុប ស្រ្ដីម្នាក់ដេកពេទ្យ ស្រ្ដីម្នាក់ដេកគុក

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ដោយសារតែប្រាក់ដប់ម៉ឺនរៀល គេឲ្យទិញស៊ុបហូប ក្រោយពេលចេញពីច្រៀងខារ៉ាអូខេ ផឹកស៊ីឆ្អែត ស្រ្ដីពីរនាក់បានប្រើហិង្សាដាក់គ្នា បណ្ដាលឲ្យរងរបួស អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកគុក ។

ហេតុការណ៍នេះ បានកើតឡើងនៅ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ ចំណុចមុខបន្ទប់ជួល ស្ថិតក្នុងភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង​ ខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡេង ស្រីពៅ ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នបន្ទប់ជួលកន្លែងកើតហេតុខាងលើ ។

ជនរងគ្រោះឈ្មោះ ឈឿន ផល្លា ភេទស្រី អាយុ ៣០ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នបន្ទប់ជួលនៅក្បែងជនសង្ស័យ ។

សមត្ថកិច្ចបានបន្តថា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៤៖៣០នាទី ឈ្មោះឈឿន ផល្លា និងឈ្មោះ ឡេង ស្រីពៅ បាននាំគ្នាទៅផឹកស៊ី និងច្រៀងខារ៉ាអូខេ​ យីហោឈ្មោះ ប៊ុនរឿន ជាមួយឈ្មោះ ចេត ជើល លុះនៅវេលាម៉ោង ១៧៖៣០នាទី ឈ្មោះ ចេត ជើល បានឲ្យប្រាក់ទៅឈ្មោះ ឡេង ស្រីពៅ ចំនួន ១០ម៉ឺនរៀល ដើម្បីទិញស៊ុបយកទៅហូបបន្តនៅបន្ទប់ជួល ។ លុះនៅម៉ោង ១៨៖៣០នាទី ពេលឈ្មោះ ចេត ជើល និងឈ្មោះ ឈឿន ផល្លា ទៅដល់បន្ទប់ជួលវិញ មិនឃើញមានស៊ុប ឈ្មោះ ឈឿន ផល្លា បានសួរទៅកាន់ ឈ្មោះ ឡេង ស្រីពៅ អំពីរឿងស៊ុប តែត្រូវឈ្មោះ ឡេង ស្រីពៅនិយាយថា ៖ មិនទាន់បានទិញ ពេលនោះ ក៏កើតរឿងប្រកែកគ្នារវាងឈ្មោះ ឈឿន ផល្លា និងឈ្មោះ ឡេង ស្រីពៅ បន្ទាប់មក ឈ្មោះ ឡេង ស្រីពៅ បានយកចានថ្មគប់ទៅលើឈ្មោះ ឈឿន ផល្លា និងបានយកកាំបិតប៉័ងតោ កាប់ទៅលើឈ្មោះ ឈឿន ផល្លា បន្ថែមទៀត ក្នុងពេលនោះឈ្មោះ ចេត ជើល បានចូលទៅឃាត់ហើយក៏ត្រូវបានឈ្មោះ ឡេង ស្រីពៅ កាប់ត្រូវចំបាត់ដៃខាងឆ្វេងបណ្ដាលឲ្យរយះដេរចំនួន ៦ថ្នេរ ។

បច្ចុប្បន្នឈ្មោះ ឡេង ស្រីពៅ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋានគរបាលក្រុងសំរោង ដើម្បីសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី ៕ ប៉ែន​ នួន


ចែករំលែក៖