ព័ត៌មានទាន់ហេតុការណ៍៖

នាំជនសង្ស័យប្រុសស្រីពីរនាក់ ទៅចង្អុលបង្ហាញទីតាំងគ្រឿងញៀន មិនសហការជាមួយកម្លាំងមូលដ្ឋាន ពលរដ្ឋមានការភាន់ច្រឡំស្មានថា ជាចោរប្លន់ ឬចាប់ជំរិត ផ្ទុះអាវុធ៣គ្រាប់ និងជនសង្ស័យម្នាក់រត់រួច

ចែករំលែក៖

ភ្នំពេញ៖ ក្រុមមន្រ្តីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ(ក៣) ស្លៀកស៊ីវិលមួយក្រុម បាននាំខ្លួនជនសង្ស័យប្រុសស្រី២នាក់ ដែលជាមុខសញ្ញាទៅចង្អុលបង្ហាញទីតាំងគ្រឿងញៀន ដោយមិនសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ ទើបធ្វើឲ្យពលរដ្ឋមានការភាន់ច្រឡំស្មានថា ជាចោរប្លន់ ឬចាប់ជំរិត ក៏បានរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋានឲ្យជួយធ្វើអន្តរាគមន៍ រហូតឈានទៅដល់ការប្រើហិង្សាដាក់គ្នា ដោយផ្ទុះអាវុធចំនួន៣គ្រាប់ផ្ទួនៗគ្នា និងធ្វើឲ្យជនសង្ស័យម្នាក់មានឪកាសរត់គេចខ្លួនបាត់ស្រមោល ។

ករណីផ្ទុះអាវុធដោយសារការយល់ច្រលំរវាងសមត្ថកិច្ចនិងសមត្ថកិច្ចខាងលើនេះ បានកើតឡើងវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃសៅរ៍ ៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ កែងផ្លូវ៣២BT ចំណុចជិតផ្សារប៉េសេ (ផ្សារប៉េសេចាស់) ស្ថិតក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ករណីនេះកើតឡើងដោយសារការធ្វេសប្រហែសរបស់ក្រុមសមត្ថកិច្ចស្លៀកស៊ីវិលមួយក្រុម របស់នគរបាលការិយាល័យប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ(ក៣) បណ្ដាលឲ្យជនសង្ស័យម្នាក់ បានរត់គេចខ្លួនចូលកន្លែងកម្មវិធីបង្កក់កូនរបស់អ្នកភូមិ បង្កការភ្ញាក់ផ្អើលឆុល ព្រោះឃើញសុទ្ធតែស្លៀកពាក់ស៊ីវិល នាំគ្នាតាមចាប់ជនសង្ស័យនោះមកវិញ ប៉ុន្តែក្នុងកម្មវិធីនោះក៏មានសមត្ថកិច្ចយាមកាមដែរ ក៏បានឃាត់សួរនាំតែបែរជាទាស់សម្ដីគ្នា ហើយប្រតាយប្រតប់គ្នាឈានទៅដល់ការប្រើហឹង្សាដាក់គ្នាមួយប្រាវ ហើយសមត្ថកិច្ចមូលដ្ឋានបានផ្ទុះអាវុធ២គ្រាប់ ដើម្បីឃាត់ខ្លួនបុរសម្នាក់ ជាមន្ត្រីនគរបាលនៅនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានបង្កឲ្យភាគីខាងសមត្ថកិច្ចស៊ីវិលការិយាល័យប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ(ក៣) ២នាក់ទៀតរងរបួសស្រាល រួចនាំយកមកសាកសួរនៅប៉ុស្តិ៍បឹងទំពុន២ ។ ចំណែកជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ បានរត់គេចខ្លួនបាត់ស្រមោល ។

បើតាមសម្ដីមន្រ្តីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន (ក៣)ម្នាក់ បានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បាននាំជនសង្ស័យប្រុសស្រី២នាក់ ទៅចង្អុលបង្ហាញទីតាំងកន្លែងចែកចាយគ្រឿងញៀន ស្រាប់តែជនសង្ស័យម្នាក់ឆ្លៀតឱកាស រត់ចេញមកទាំងដៃជាប់ខ្នោះចូលទៅកន្លែងកម្មវិធីជប់លៀងកម្មវិធីបង្កក់កូនរបស់អ្នកភូមិ ទើបបង្កការភ្ញាក់ផ្អើលតែម្តង ។

បើតាមសម្ដីប្រជាពរដ្ឋម្នាក់ ដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា ពួកគាត់បានឃើញជនសង្ស័យម្នាក់ បានរត់ចូលមកក្នុងបរិវេណ រោងកម្មវិធី ទាំងត្រហេបត្រហប និងឃើញដៃជាប់ខ្នោះ ទើបពួកគាត់បានដេញចេញទៅបាត់ហើយ ស្រាប់តែឃើញមានកម្លាំងស្លៀកពាក់ស៊ីវិលមួយក្រុម បានមកដល់ចូលមកបណ្ដាលឲ្យផ្អើលឆុលគប់គ្នាទៅវិញទៅមក ហើយកម្លាំងស៊ីវិលទាំងនោះក៏ផ្ទះអាវុធចំនួន១គ្រាប់ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានផ្ទុះអាវុធចំនួន២គ្រាប់ ភ្លាមនោះក៏បានចាប់បុរសម្នាក់ ដែលសមត្ថកិច្ចស្លៀកស៊ីវិលយកមកប៉ុស្តិ៏បឹងទំពុន២តែម្តង ។

ក្រោយកើតហេតុនគរបាលប៉ុស្តិ៏បឹងទំពុន២ បានឲ្យកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ យកបុរសម្នាក់ស្លៀកស៊ីវិលនោះ ទៅប៉ុស្តិ៏សិនដើម្បីសាកសួរ ហើយក៏សម្របសម្រួលគ្នា ដោយខាងបុរសម្នាក់នោះក៏ជាមន្ត្រីនគរបាលដែរ នៅខាងនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយបានធ្វើកិច្ចសន្យាសុំទោសគ្នាដើម្បីបញ្ចប់តែម្ដង ៕ ភារ៉ា ដង្កោ


ចែករំលែក៖