ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបន្ទន់ឥរិយាបទ ចំពោះក្រុមហ៊ុន បច្ចេកវិទ្យាចិន

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានបន្ទន់ឥរិយាបទចំពោះក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ​ក្រោយពេលមានការតវ៉ាយ៉ាងខ្លាំងពីបណ្តាក្រុមហ៊ុនអាមេរិក ។ ការផ្អាករកស៊ីជាមួយហួវាយ ធ្វើឲ្យក្រុមហ៊ុនអាមេរិកជាច្រើនរងការខាតបង់ ។

នៅពេលនេះដែរ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបើកភ្លើងខៀវ ឲ្យលក់ទំនិញដល់ក្រុមហ៊ុន​ Huawei ។ អាមេរិក បានផ្តល់លិខិតអនុញ្ញាតឲ្យលក់ទំនិញមួយចំនួន ដែលអាមេរិកយល់ថា មិនមានការគំរាមកំហែងដល់សន្តិសុខជាតិ ​​ឲ្យទៅក្រុមហ៊ុន បច្ចេកវិទ្យា Huawei ។

លោក​ Wilbur Ross ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ អាមេរិកកាលពីថ្ងៃទី ៩ ខែកក្កដា​ បានប្រកាសផ្តល់លិខិតអនុញ្ញាត​ឲ្យបណ្តាក្រុមហ៊ុនអាមេរិកលក់ សម្ភារមួយចំនួនឲ្យទៅក្រុមហ៊ុនបច្ចេកវិទ្យា Huawei ​របស់ចិន ​ ។ មុខទំនិញដែលអាមេរិកលក់ឲ្យ ក្រុមហ៊ុនចិន គឺឆ្លងកាត់ការត្រួតពិនិត្យ​ យ៉ាងល្អិតល្អន់ ។

ដើម្បីធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្ម ជាមួយចិន ​ល្អប្រសើរឡើងវិញ កាលពីចុងខែមិថុនាកន្លងមក ​ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បានប្រកាសថា ក្រុមហ៊ុន អាមេរិកនឹងលក់សម្ភារមួយចំនួន ឲ្យទៅក្រុមហ៊ុន​ Huawei ដែលជាក្រុមហ៊ុនទូរសគមនាគមន៍ធំបំផុត ។

កន្លងមក ក្រសួងពាណិជ្ជកម្មអាមេរិក​បានដាក់បញ្ចូលក្រុមហ៊ុន​ Huawei ​ចូលក្នុងបញ្ជី «Entity List »កាលពីខែឧសភា ដោយបារម្ភពីសន្តិសុខជាតិ ។ រាល់សម្ភារ របស់អាមេរិក ត្រូវបាន ហាមប្រាមលក់ឲ្យទៅក្រុមហ៊ុនចិន​ បើមិនមានលិខិតអនុញ្ញាតនោះទេ​៕


ចែករំលែក៖