ព័ត៌មានទាន់ហេតុការណ៍៖

បុរសកម្មករសំណង់ម្នាក់ ទាញដែកឡើងលើប៉ះចំខ្សែភ្លើងស្រាតឆក់រងរបួសធ្ងន់

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសម្នាក់ជាកម្មករសំណង់ ត្រូវខ្សែភ្លើងឆក់រងរបួសធ្ងន់កាលពីម៉ោង៩ និង៣០ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ឋិតនៅគ្លីនិកមួយកន្លែង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចមូលស្ថានប្រាប់ថា ជនរងគ្រោះមានឈ្មោះ លុន ឡាយ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ន កន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិស្នាយល្អ ឃុំទឹកជោ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ប្រភពថា មុនកើតហេតុ ជនរងគ្រោះបានទាញដែកពីក្រោមឡើងលើបម្រុងរៀបចំចងដែកចាក់ប្លង់សេ ខ្វះការប្រុងប្រយត្ន័ប៉ះចំខ្សែភ្លើស្រាត របស់ក្រុមហ៊ុនអានកូ ដែលមានកម្ពស់ប្រាំពីរម៉ែត្រ ក៏បណ្ដាលឲ្យឆក់ រងរបូសធ្ងន់តែម្ដង ។

ក្រោយកើតហេតុ គេឃើញរថយន្តរបស់ក្រុមការងារមូលដ្ឋានអាវុធហត្ថក្រុងដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដីថ្មី តែដោយសារសភាពជំងឺធ្ងន់ធ្ងរ ក៏ដឹកបញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុនមង្គលបុរី ៕ នីមវណ្ណា


ចែករំលែក៖