ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់ព្យុះ ភ្លៀងធ្លាក់ខ្លាំង បង្កទឹកជំនន់ជាច្រើន​នៅបណ្តាប្រទេស អាស៊ី

ចែករំលែក៖

រដូវវស្សា ឈានចូលមកដល់ ព្យុះ ភ្លៀង សម្ពាធទាប ស៊ីតណ្ហាភាព​បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ក្លាយជាទឹកជំនន់គ្របដណ្តប់ប្រទេសជាច្រើន ក្នុងតំបន់អាស៊ី ក្នុងនោះ មានវៀតណាម ថៃ ឥណ្ឌា …ជាដើម​ ។

នៅពេលនេះតំបន់ភាគខាងជើងប្រទេសថៃ ប្រឈមនឹងគ្រោះទឹកជំនន ជាទ្រង់ទ្រាយធំ ហើយកាលពីថ្ងៃទី៩ ខែកក្កដា មានគ្រូ និងសិស្ស ជាង​២០នាក់ជាប់គាំង មិនអាចចេញទៅណារួច ដោយទឹកឡោមព័ទ្ធ និងបាក់ដៃ នៅក្នុងខេត្តតាក ។ ការជាប់គាំង​នេះ​ស្ថិតនៅក្នុងស្រុក ​Tha Song Yang ខេត្ត តាក (Tak) ។ ភូមិជាច្រើន​នៅតំបន់ដី​ភ្នំ​​បានរងនូវជំនន់ទឹកភ្លៀងអូសបន្លាយជាយូរថ្ងៃ​មកហើយ ។ ក្រុមជួយសង្គ្រោះ​បាន​ខិតខំសម្អាត និងជម្រះផ្លូវ​ដោយប្រើឧបករណ៍ធុនធ្ងន់ ឆ្ពោះទៅកាន់​សាលារៀន​នៅក្នុងភូមិ ។

គ្រូ និងសិស្ស​​បានពាក់ពួកសុវត្ថិភាព និងតោងខ្សែពួរ​​របស់ក្រុមជួយសង្គ្រោះ ដែលកំពុងតែយោង​ពួកគេ​ទៅកាន់ទីទួលខ្ពស់ មានសុវត្ថិភាព ។ មន្ត្រីក្នុងតំបន់ និងអ្នកស្ម័គ្រចិត្ត​បាននាំគ្នា​ដោះស្រាយ​ចំពោះបង្គោលភ្លើងដែលបាក់​មកលើផ្លូវ​ថ្នល់ ដោយសារតែឥទ្ធិលទឹកហូរខ្លាំង ហូរ​កាត់ភូមិឋាន​ប្រជាជន និង​ការដាច់ចរន្តអគ្គិសនីប្រើប្រាស់​​​​ជាដើម ។ កងកម្លាំងយោធា​​ក៏បានចូលរួម​ប្រតិបត្តិការជួយសង្គ្រោះ​នេះដែរ ដោយប្រើឧបករណ៍​ធុនធ្ងន់​សម្អាត និងជម្រះផ្លូវ​ដែល​ឌិតដាម​ដោយ​ភក់ល្បាប់ និងកម្ទិចកម្ទីបាក់បែក ។

នាយកដ្ឋានឧតុនិយមប្រទេសថៃ​បានព្រមានថា នៅភាគអាគ្នេយ៍របស់ប្រទេសថៃ នឹងពើបប្រទះនូវភ្លៀងធ្លាក់ខ្លួន​ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ។ ភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់នោះ បង្កឲ្យមានជំនន់ទឹកភ្លៀងកាន់តែខ្លាំងហូរចុះទៅកាន់ទីទំនាប​នៅភាគខាងជើង, ភាគខាងជើងឆៀងខាងកើត, ភាគកណ្តាល ភាគខាងកើត និងឈូងសមុទ្រ​ប្រទេសថៃ ។

ដោយឡែកនៅក្នុងប្រទេសឥណ្ឌាវិញ ពលរដ្ឋរាប់សិបម៉ឺននាក់រងផលប៉ះពាល់ដោយសារតែគ្រោះទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង​ ។

មន្ត្រី​ឥណ្ឌា​បានបញ្ជាក់កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ គ្រោះទឹកជំនន់​បានជន់លិច​ស្រុកចំនួន៨​ ។ ប៉ុន្តែទោះបីយ៉ាងណា មកទល់ពេលនេះ គ្មានបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស​នោះឡើយ ។

រលកវិទ្យុ AIR បានផ្សាយថា នៅក្នុងរដ្ឋ Assam មនុស្សជាង៦២.០០០នាក់​​រងផលប៉ះពាល់​នៅពេលបច្ចុប្បន្ននេះ​ដោយសារទឹកជំនន់​នៅទូទាំង៨ស្រុក ។ នៅស្រុក Jonai និងស្រុក Dhemaji ប៉ុណ្ណោះ មនុស្ស​២៣,០០០​នាក់ប៉ះពាល់ដោយគ្រោះទឹកជំនន់ពេលនេះ ។

យោងតាមមន្ត្រី​ដដែល​បញ្ជាក់ថា ទន្លេជាច្រើន​ នៅពេលបច្ចុប្បន្ននេះ​​មានកំណើន​ទឹក​ហួសពីកម្រិត​​អាសន្ន​នោះទៅទៀត គំរាមកំហែង​នៅក្នុងតំបន់​ជាច្រើន ។ វាបានធ្វើឲ្យកាត់ផ្តាច់​ប្រព័ន្ធទូរគមនាគមន៍​ជាច្រើន​កន្លែង​នៅក្នុងតំបន់ផងដែរ​ដោយសារតែទឹកជំនន់នេះ ។

វិធានការសង្គ្រោះ​របស់ក្រុមអាជ្ញាធរ​ពាក់ព័ន្ធ​បាន និងកំពុងប្រព្រឹត្តឡើង​នៅក្នុងស្រុក Lakhimpur ។ ទឹកជំនន់​កើតមានជាធម្មតា​នៅក្នុងរដ្ឋAssam របស់ឥណ្ឌា​ខាងលើនេះ ពិសេស​ក្នុងរដូវវស្សា ដែលមានភ្លៀងធ្លាក់ច្រើន​នោះតែម្តង ៕


ចែករំលែក៖