ប្អូនស្រីបង្កើត របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន គឺ លោកស្រី Kim Yo Jong ដែលជាទីប្រឹក្សា និងជាមនុស្សដ៏ជំនិតបំផុតរបស់មេដឹកនាំកូរ៉េខាងជើង មានតំណែងកាន់តែខ្ពស់នៅក្នុងថ្នាក់ដឹកនាំ ទីក្រុងព្យុងយ៉ាង ។ នៅពេលនេះ លោកស្រី គីម យូចុង ស្ថិតនៅក្នុងចំណោមបុគ្គលមានអំណាចទាំង៩រូបនៅកូរ៉េខាងជើង ។
នៅពេលនេះ បើទោះបីមិនមានព័ត៌មានផ្សាយថា លោកស្រីមានតំណែងជាអ្វីនោះឡើយ ប៉ុន្តែ តាមការណ៍ សង្កេតទៅលើទីតាំងអង្គុយរបស់លោកស្រី Kim Yo Jong ប្អូនស្រីបង្កើតរបស់គីម ជុងអ៊ុន នៅក្នុងព្រឹត្តិការណ៍សំខាន់ៗក្នុងប្រទេស ។ ក្រុមអ្នកសង្កេតការណ៍បានព្យាករណ៍ថា លោកស្រី Kim Yo Jong អាចនឹងត្រូវបានដំឡើងតំណែង ក្លាយជាបុគ្គលដែលមានអំណាចបំផុត ទាំង៩ ក្នុងជួរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ។
សារព័ត៌មាន Ariang News បានផ្សាយថា នៅក្នុងឱកាសខួបលើកទី២៥ ថ្ងៃស្លាប់អតីតមេដឹកនាំ គីមអ៊ីលស៊ុង និងជា អ្នកបង្កើតកូរ៉េខាងជើង ។ លោកស្រី Kim Yo Jong ដែលជាប្អូនស្រីបង្កើត គីម ជុងអ៊ុន អង្គុយនៅកៅអ៊ីជួរមុខ រំលងពីបងប្រុសប្រមាណ៤កៅអីប៉ុណ្ណោះនៅខាងឆ្វែងដៃ ។
លោកស្រី Kim Yo Jong បានអង្គុយនៅក្នុងជួរកៅអីមុខ ដែលមាន១០កៅអី សម្រាប់ថ្នាក់ដឹកនាំមានអំណាចបំផុតក្នុងនោះមាន Pak Pong-ju, Ri Man-gon , Ri Su-yong ប្រធានរដ្ឋសភា Choe Ryong Hae និងនាយករដ្ឋមន្ត្រី Kim Jae Ryong ។
តាមទីតាំងអង្គុយ របស់លោកស្រី Kim Yo Jong ធ្វើឲ្យអ្នកឯកទេស ព្យាករណ៍ថា លោកស្រីនឹងត្រូវបានដំឡើង តំណែងកាន់តែខ្ពស់ឡើង ថែមទៀត ។ សារព័ត៌មាន Ariang News បានផ្សាយថា លោកស្រី Kim Yo Jong បានក្លាយជាបុគ្គលទី៩ដែលមានអំណាចបំផុតលើពិភពលោក៕