ព័ត៌មានទាន់ហេតុការណ៍៖

ដុតព្រៃរាលឆេះផ្ទះ ២ខ្នងម៉ត់ សល់តែផេះ ខណៈម្ចាស់មិននៅ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ផ្ទះសង់អំឈើប្រក់ស័ង្កសីចំនួន ២ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ដែលករណីនេះគេសង្ស័យបណ្ដាលមកពីជនម្នាក់ដុតព្រៃចំការរាលឆេះ នគរបាលកោះហៅជនសង្ស័យយកមកសួរនាំ ។

ហេតុការណ៍អគ្គិភ័យឆាបឆេះលំនៅឋានប្រជាពលរដ្ឋខាងលើ បង្កការភ្ញាក់ផ្អើលឡើងនៅរសៀល ថ្ងៃអង្អារ ៨កើត ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចស្ទឹងខៀវ ស្ថិតក្នុងភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលស្រុកវាលវែងឃើញថា ទី១ ផ្ទះសង់អំឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំង រនាបក្រាលក្ដា ទំហ៊ុំ ៦ម៉ែត្រ គុណនឹង ៧ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ ជ្រា ប៊ុនជាតិ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ញឹម ស្រីតូច អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ និងទី២ ផ្ទះសង់អំឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្ដា រនាបក្រាលក្ដា ទំហ៊ុំ ៦ម៉ែត្រ គុណនឹង៧ម៉ែត្រ ដូចគ្នា ដែលមានម្ចាស់ឈ្មោះ ស៊ុន ប៊ុនធឿន ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។

របាយការណ៍បន្តថា ផ្ទះសង់អំឈើប្រក់ស័ង្កសីចំនួន ២ខ្នងខាងលើនេះ ត្រូវបានអគ្គិភ័លេបត្របាក់អស់ទាំងស្រុងតែម្ដង ប៉ុន្តែទោះជាយ៉ាងណាក្ដីពុំមានបង្កការរងគ្រោះដល់មនុស្ស ឬសត្វឡើយ ហើយការអគ្គិឆាបឆេះនេះម្ចាស់លំនៅឋានទាំង ២ខ្នងអត់នៅនោះទេ ចំណែកមូលហេតុសង្ស័យឈ្មោះ កែម ហេម ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្បែគ្មា ហើយក៍ជាបងប្អូននឹងគ្នាដែរនោះ ដុតព្រៃចំការរាលបណ្ដាលឲ្យឆាបឆេះ ។

របាយការណ៍ដដែលបន្តទៀតថា ចំពោះជនសង្ស័យបង្កហេតុឈ្មោះ កែម ហេម ម្ចាស់ផ្ទះទាំង ២ខ្នងពុំបានប្ដឹងនោះឡើយព្រោះជាបងប្អូននឹងគ្នា ប៉ុន្តែសមត្ថកិច្ចនគរបាលស្រុកវាលវែងហៅគាត់មកអធិការដ្ឋាន ដើម្បីសួរនាំខ្លះៗ អំពីមូលហេតុ និងបន្តចុះធ្វើកិច្ចសន្យាអំពីសំណង ចៀសវាងពួកមានជម្លោះគ្នាទៅថ្ងៃក្រោយ ៕ បុឹម ពិន


ចែករំលែក៖