ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អាមេរិក លក់សម្ភារ អេឡិចត្រូនិកដល់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei គិតជាទឹកប្រាក់ប្រមាណជិត១០ពាន់លានដុល្លារ ។ ការហាមប្រាមក្រុមហ៊ុនអាមេរិករកស៊ីជាមួយហួវាយនោះ ធ្វើឲ្យក្រុមហ៊ុនខាតបង់ទឹកប្រាក់ជាច្រើន ។
ទាំងនោះហើយ បានជា ប្រធានាធិបតីអាមេរិក សម្រេចបានសម្រេចបន្ទាន់ឥរិយាបទ ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ដោយអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិកបន្តរកស៊ីជាមួយក្រុមហ៊ុនចិន ដែលលោក ត្រាំ ដាក់ក្នុងបញ្ជីខ្មៅនាពេលកន្លងមក ។
ក្រុមហ៊ុន Huawei ជាអ្នកផលិតសម្ភារទូរគមនាគមន៍ធំបំផុតនៅលើពិភពលោក ត្រូវបានក្រសួងពាណិជ្ជកម្មអាមេរិក ដាក់ទណ្ឌកម្មកាលពីខែឧសភា ។ នៅពេលនោះ បណ្តាក្រុមហ៊ុនអាមេរិកត្រូវបានហាមប្រាមលក់ឧបករណ៍ សម្ភារ បច្ចេកវិទ្យាដល់ក្រុមហ៊ុន Huawei លើកលែងតែមានលិខិតអនុញ្ញាត ។ ប៉ុន្តែកាលពីចុង ខែមិថុនា ក្រោយជំនួបពិភាក្សា រវាងប្រធានាធិបតីដូណាល់ ត្រាំ នឹងប្រធានាធិបតីចិន ស៊ី ជីនពីង នៅប្រទេសជប៉ុន លោកត្រាំ បានប្រកាសអនុញ្ញាត ឲ្យក្រុមហ៊ុនអាមេរិក បន្តរកស៊ីជាមួយ Huaweiឡើងវិញ ។
ប៉ុន្មានថ្ងៃកន្លងមកនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Wilbur Ross បានប្រកាសថា លិខិតអនុញ្ញាត នឹងផ្តល់ជូនក្រុមហ៊ុនអាមេរិក ប្រសិនបើ មិនមានការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក ។ ការផ្លាស់ប្តូរគោលនយោបាយខាងលើ បង្ហាញឲ្យឃើញថា ទំនាក់ទំនងជួញដូរផ្នែកបច្ចេកវិទ្យារវាងក្រុមហ៊ុនអាមេរិក និង ចិន នឹងចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗ ។
មន្ត្រី ក្រុមហ៊ុនផលិត បន្ទះឈីប (Chip)ធំៗចំនួនពីររបស់អាមេរិក ដែលមិនបញ្ចេញឈ្មោះបាន ប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមហ៊ុននឹងដាក់លិខិតស្នើសុំទៅកាន់ក្រសួងពាណិជ្ជកម្មអាមេរិក ក្រោយទទួលបានព័ត៌មានខាងលើ ។
កាលពីឆ្នាំ២០១៨ ក្រុមហ៊ុន Huawei បានចំណាយប្រាក់ដល់ទៅ៧០ពាន់លានដុល្លារ ទិញសម្ភារ បច្ចេកវិទ្យា ក្នុងនោះមាន១១ពាន់លានដុល្លារ ទិញពីក្រុមហ៊ុនអាមេរិក ក្នុងនោះមានដូចជាក្រុមហ៊ុន Qualcomm, Intel និង Micron Technology ៕