កម្មវិធីសុខាភិបាល ដែលបានបង្កើតឡើងដោយអតីតប្រធានាធិបតីអូបាម៉ា ពេលនោះ លោក Joe Biden ជាអនុប្រធានាធិបតីអាមេរិក ។ នៅពេលនេះ លោក ជូបៃ ឌីន ជាបេក្ខភាពប្រធានាធិបតីនៅឆ្នាំ២០២០ ដោយលោកបានលើកគោលនយោបាយរក្សាសុខាភិបាល មានទឹកប្រាក់ ៧៥០ ពាន់លានដុល្លារ ។
ការសន្ទនាស្តីអំពីអនាគត នៃប្រព័ន្ធសុខាភិបាល នៅក្នុងប្រទេសអាមេរិក បានក្លាយជាប្រធានបទ ដ៏ក្តៅបំផុត សម្រាប់បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ ។ អតីតអនុប្រធានាធិបតីអាមេរិក និងជាបេក្ខភាពនាំមុខ នៅក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិក នាឆ្នាំ២០២០ ខាងមុខនេះ បានលើកឡើង អំពីគម្រោងថែរក្សាសុខាភិបាល មានទឹកប្រាក់ រហូតដល់ទៅ៧៥០ពាន់លានដុល្លារអាមេរិក ។
គម្រោងខាងលើរបស់លោក Joe Biden គឺដើម្បីពង្រឹងនូវកម្មវិធីថែរក្សាវិស័យសុខាភិបាល ដែលបានបង្កើនឡើង កាលពីជំនាន់របស់អតីតប្រធានាធិបតី អូបាម៉ា គឺ Obamacare ហើយត្រូវបានលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បច្ចុប្បន្ន លុបចោល ។ លោក Joe Biden គឺអនុប្រធានាធិបតី ក្រោមការដឹកនាំរបស់លោក បារ៉ាក់ អូបាម៉ា មានរយៈពេលដល់២អាណត្ដិ (៨ឆ្នាំ) ។
ថ្លែង នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងអ្នកសារព័ត៌មាននោះ មន្ត្រីទទួលបន្ទុករៀបចំការឃោសនាបោះឆ្នោតរបស់លោក Joe Biden បានបញ្ជាក់ថា ប្រាក់ចំណាយសម្រាប់រក្សាសុខាភិបាល គិតជាទឹកប្រាក់ មានរហូតដល់ទៅ៧៥០ពាន់លានដុល្លារ ក្នុងរយៈពេល១០ឆ្នាំ ។ លោក Joe Biden មានគម្រោងនឹងដំឡើងពន្ធទៅលើក្រុមអ្នកមាន រហូតដល់ទៅ៣៩,៦ភាគរយ ។
ក្រៅពីនេះ បេក្ខភាពប្រធានាធិបតី Joe Biden ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអាមេរិកាំងទាំងអស់ ដែលរកប្រាក់ចំណូលបានលើសពី១លានដុល្លារ ក្នុងមួយឆ្នាំ ត្រូវបង់ពន្ធទ្វេដង នៃពន្ធបច្ចុប្បន្ន ដើម្បីបង្កើននូវប្រាក់ចំណូលរដ្ឋ និងជួយដល់វិស័យសុខាភិបាលរបស់អាមេរិកឲ្យកាន់តែប្រសើរឡើង៕