ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ លោកឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយបក្សប្រជាជនឃុំគគីរ នឹងក្រុមការងារបានអញ្ជើញប្រគេនទានវស្សាដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តគគីរ ស្ថិតនៅឃុំគគីរស្រុករមាសហែក ។
លោកសែវុទ្ធី បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រមានការរីកចំរើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទមានជីវភាពធូរធាបានចូលរួមកសាងទីវត្តអារ៉ាមឲ្យមានការអភិវឌ្ឍ យ៉ាងល្អប្រសើរ ។
លោកបានបញ្ជាក់ទៀតថា សមិទ្ធផលដ៏មានតម្លៃទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីទទួល ខុសត្រូវខ្ពស់ដោយតម្កល់អត្ថប្រយោជន៍ជាតិ និងប្រជាជនជាធំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។
លោកក៏បានស្នើសុំឲ្យប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទំាងអស់ បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងចូលរួមថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព និងសមិទ្ធផលរបស់ជាតិយើងឲ្យបានគង់វង្សប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត ។
សូមបញ្ជាក់ថា៖ ពិធីចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវាលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យឲ្យបានខ្ជាប់ខ្ជួនតាមពុទ្ធឱវាទក្នុងរយ:ពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ។
ចំពោះទេយ្យទានគ្រឿងឧបភោគ បរិភោគមួយចំនួនដែលប្រគេនដល់វត្តមានដូចជា ទៀនព្រះវស្សា ០១គូរ, អង្ក ៥០គីឡូក្រាម, ទឹកក្រូច ០៥កេស, ទឹកត្រី ០៥យួរ, ទឹកស៉ីអុីវ ០៥យួរ, មី ០៥កេស, ទឹកដោះគោ ០១កេស, ប៊ីចេង ០៥គីឡូក្រាម, ស្កសរ ០៥គីឡូក្រាម, ទឹកសុទ្ធ ០៥កេស, ប្រេងម៉ាស៊ូត ០២កាន គិតជាថវិកាចំនួន ១លាន៣សែន២ម៉ឺនរៀល ប្រគេនព្រះសង្ឃ ០៣អង្គ ១៥ម៉ឺនរៀល បច្ច័យកសាងវត្តថវិកាចំនួន ១លាន៤សែន៣ម៉ឺនរៀល ជូនគណកម្មការអាចារ្យវត្តថវិកាចំនួន ១០ម៉ឺនរៀល ជូនក្រុមប្រឹក្សាបក្សប្រជាជន ២៥នាក់ ថវិកាចំនួន ១លាន២សែន៥ម៉ឺនរៀល, ជូននគរបាល ប្រជាការពារ ចំនួន ៧៣ម៉ឺនរៀលជួសជុលបក្សប្រជាជនឃុំថវិកាចំនួន ២លាន៥សែនរៀលឧបត្ថមផ្ទាំងសូឡាដល់មណ្ឌលសុខភាពឃុំ ០១ផ្ទាំងគិតជាថវិកាចំនួន ១,១៧០,០០០៛ ផងដែរ ។
ក្នុងឱកាសនោះលោកសែវុទ្ធីព្រមទាំងក្រុមការងារក៏បានបន្តជួបសំណេះសំណាលសួរសុខទុក្ខដល់ក្រុមគ្រូពេទ្យប្រចាំមណ្ឌលសុខភាពឃុំគគីរយ៉ាងភាពស្និទ្ធស្នាលនឹងផ្ដល់ជូនថវិកាចំនួន ៦០ម៉ឺនរៀលផងដែរ ៕ យឹម សុថាន