ព័ត៌មានទាន់ហេតុការណ៍៖

អាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ រងការវាយប្រហារគ្រាប់បែកអត្តឃាតផ្ទួនៗគ្នា

ចែករំលែក៖

ក្រុមភេរវកម្មនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ បានបើកការវាយប្រហារភេរវកម្មផ្ទួនៗគ្នាសម្លាប់មនុស្សជាច្រើន ក្នុងរយៈពេល​២ថ្ងៃចុងក្រោយនេះ ។ ការវាយប្រហារពាក់ព័ន្ធទៅនឹងពិធីបុណ្យសាសនា ។

នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន មានការវាយប្រហារភេរវកម្ម ក្នុងពេលពលរដ្ឋកំពុងធ្វើព្យុហយាត្រា ។ មន្ត្រីអ្នកនាំពាក្យ​ខេត្ត​បានបញ្ជាក់ថា គ្រាប់បែក​នៅតាមដងផ្លូវមួយគ្រាប់ បានបំផ្ទុះ​ឡើង ដោយបានសម្លាប់អ្នកធ្វើព្យុហយាត្រា​​១១នាក់ តាមរថយន្តត្រាក់មួយគ្រឿង ស្ថិតនៅភាគខាងត្បូង​ខេត្ត កានដាហារ (Kandahar) ប្រទេសអាហ្វហ្គានីស្ថាន ។

អ្នកនាំពាក្យ​កងកម្លាំងយោធា​ប្រចាំតំបន់ភាគខាងត្បូង Ahmad Sadeq Essa ​​បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន aljazeera​ថា យ៉ាងតិច​មនុស្ស​៣៥នាក់ផ្សេងទៀត​រងរបួស ។ រថយន្តរបស់ពួកគេ​ត្រូវគ្រាប់បែក​ផ្ទុះ​ចំ ស្ថិតនៅក្នុងស្រុក Khakrez ខេត្ត កាន់ដាហារ កាលពីរសៀល​ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ។

លោក Essa បានបន្ថែមថា ជនរងរបួស​ត្រូវបញ្ជូនទៅកាន់​បន្ទាយទាហាន នៅក្បែរ​កន្លែងកើតហេតុ និងអ្នករងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ​ នៅឯរដ្ឋធានីខេត្ត ។ មន្ត្រីសុខាភិបាល​ជាន់ខ្ពស់​ថ្លែងថា កុមារ២២នាក់ និងស្ត្រី៨នាក់​ស្ថិតក្នុងចំណោម​អ្នករងរបួស​ធ្ងន់ទាំងនោះ ។

ទោះជាយ៉ាងណា មិនទាន់មានក្រុមណាមួយ​ប្រកាសទទួលស្គាល់ការវាយប្រហារដោយគ្រាប់បែកខាងលើនេះឡើយ ។ ប៉ុន្តែ​មន្ត្រីក្រុមប្រឹក្សា​ខេត្ត​កាន់ដាហារ បានស្ដីបន្ទោស​ទៅលើក្រុមឧទ្ទាមតាលីបង់​ ដែលជានិច្ចកាល ​បើកការវាយប្រហារ​ដោយបង្កប់គ្រាប់បែក​ នៅតាមដងផ្លូវ បណ្តាលឲ្យផ្ទុះលើគោលដៅសម្លាប់កងកម្លាំងសន្តិសុខ នៅ​ក្នុងខេត្តនេះ ។

ខេត្តកាន់ដាហារនោះ ​ត្រូវបានចាត់ទុកជាទីកន្លែងកំណើតរបស់ក្រុមឧទ្ទាមតាលីបង់ ក្រុមនេះនៅតែកាន់កាប់គ្រប់គ្រងផ្នែកជាច្រើន ​នៅក្នុងខេត្តនេះដដែល ។ ដោយឡែកនៅក្នុងប្រទេសអ៊ីរ៉ាក់វិញ យ៉ាងហោចណាស់មានមនុស្ស​៥នាក់ស្លាប់ និង​២៥នាក់រងរបួស ។

នៅក្នុងហេតុការណ៍វាយប្រហារគ្រាប់បែកអត្តឃាតទៅលើព្រះវិហាររបស់ក្រុមអ៊ីស្លាមនិកាយស៊ីអ៊ីត​ នៅភាគខាងលិច នៃទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់​ ។

ប្រភពព័ត៌មានពីក្រសួងមហាផ្ទៃអ៊ីរ៉ាក់ បានឲ្យដឹងថា ការវាយប្រហារនេះ បានកើតឡើង នៅពេលរសៀល ស្ថិតនៅក្នុងស្រុក​ al Maalif ​ហើយគ្រាប់បែកមួយគ្រាប់នោះបានផ្ទុះ នៅក្នុងព្រះវិហារ​ និងមួយគ្រាប់ទៀត បានបំផ្ទុះ នៅក្នុងពិធីបុណ្យសពក្បែរនោះ ។ លុះមួយនាទីក្រោយមក ជនវាយប្រហារដោយគ្រាប់បែកអត្តឃាត បានបំផ្ទុះគ្រាប់បែកជាលើកទីពីរទៀត ក្នុងពេលដែលកំពុងតែចលាចល​នោះ ។ ​

ក្រោយពេលមានការវាយប្រហារនោះមក កម្លាំងសន្តិសុខអ៊ីរ៉ាក់ បានបិទតំបន់នោះទាំងមូល ដោយសារខ្លាចមានការវាយប្រហារជាបន្តទៀត ។

នៅក្នុងរយៈពេល​៣ឆ្នាំ ក្រោយក្រុមភេរវករអ៊ីស្លាម​ IS ​បានដណ្តើមគ្រប់គ្រងតំបន់ជាច្រើន ​នៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីអំឡុងឆ្នាំ​២០១៧នោះមក បង្កឲ្យមានការវាយប្រហារភេរវកម្មជាច្រើន បើទោះជានៅពេលនេះ កម្លាំងទាហានរដ្ឋាភិបាលបានបណ្តេញក្រុមភេរវករអស់ហើយក្តី ។

កាលពីខែឧសភាកន្លងមក ក្រុមភេរវករបានវាយប្រហារដោយគ្រាប់បែកអត្តឃាត ​នៅក្នុងផ្សារមួយ នៅភាគខាងកើតទីក្រុងបាកដាត សម្លាប់មនុស្ស ​៨នាក់ និងរាប់សិបនាក់រងរបួស​ ។ កាលពីចុងខែមិថុនា កន្លងមក ក៏មានការវាយប្រហារគ្រាប់បែកអត្តឃាតនៅក្នុងផ្សាផងដែរ ហើយការវាយប្រហារទាំងឡាយគឺសម្តៅទៅលើក្រុមអ៊ីស្លាមនិកាយស៊ីអ៊ីត​៕


ចែករំលែក៖