បម្រែបម្រួលអាកាសធាតុប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ នៅជុំវិញពិភពលោក បង្កឲ្យមានគ្រោះធម្មជាតិជាច្រើនកើតឡើង ។ តំបន់ជាច្រើន ប្រឈមនឹងកម្តៅក្តៅខ្លាំង មិនធ្លាប់មាន ក្នុងនោះមានទាំងតំបន់អឺរ៉ុបផងដែរ ។
កាលពីថ្ងៃ ទី១៥ ខែកក្កដា បាតុកម្មប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ត្រូវបានរៀបចំឡើង ដោយ ក្រុម Extinction Rebellio ហើយបានធ្វើឡើង នៅទីក្រុងជាច្រើន ក្នុងប្រទេសអង់គ្លេស ដើម្បីអំពាវនាវដល់រដ្ឋាភិបាល ឲ្យបង្កើននូវសកម្មភាពទប់ស្កាត់នឹងបម្រែបម្រួលអាកាសធាតុ និងការកើនឡើងកម្តៅ នៃភពផែនដី ។
នេះជាបាតុកម្មទ្រង់ទ្រាយធំបំផុត នៅក្នុងប្រទេសអង់គ្លេស ដែលធ្វើឡើង ដោយក្រុម Extinction Rebellio ។ កាលពី ខែមេសា កន្លងមក ក្រុមនេះក៏បានធ្វើបាតុកម្ម នៅក្នុងទីក្រុងឡុងដ៍ផងដែរ ។
បាតុកម្មកាលពីថ្ងៃ ទី១៥ ខែកក្កដា បានធ្វើឡើងព្រមគ្នា នៅទីក្រុងជាច្រើន ដូចជា London, Bristol, Cardiff, Glasgow, និង Leeds ។ ក្រុមបាតុករបានបិទផ្លូវមួយចំនួន នៅក្នុងទីក្រុង ផងដែរ ។ នៅទីក្រុងឡុងដ៍ ក្រុមបាតុករបានបិទតំបន់ Strand អស់រយៈពេល៨ម៉ោង ។ ក្រៅពីធ្វើបាតុកម្មប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុនោះ ក្រុមបាតុករបានស្នើឲ្យដោះលែងបាតុករដែលក្រុមសន្តិសុខបានចាប់ខ្លួន កាលពីខែមេសា ។
ក្រុម Extinction Rebellio បានទាក់ទាញមនុស្សជាច្រើន ឲ្យចូលរួម នៅក្នុងសកម្មភាពការពារបរិស្ថាន និងទប់ស្កាត់នូវបម្រែបម្រួលអាកាសធាតុ នៃភពផែនដី ហើយសកម្មភាពទាំងនោះបានបង្ខំឲ្យសភាអង់គ្លេសអនុម័តច្បាប់បន្ទាន់មួយ ស្តីពីបម្រែបម្រួលអាកាសធាតុ និងបរិយាកាស ៕