ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹង ទាស់ពាក្យសម្ដីគ្នា ធ្វើឲ្យបុរសម្នាក់យកកាំបិតផ្គាក់ កាប់បុរសម្នាក់ទៀត បណ្ដាលឲ្យរងរបួស

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរស២នាក់ ផឹកស៊ីស្រវឹងទាស់ពាក្យសម្ដីគ្នា ធ្វើឲ្យបុរសម្នាក់ទ្រាំពុំបានស្ទុះទៅយកកាំបិតផ្គាក់ មកកាប់បុរសម្នាក់ទៀត ចំកណ្ដៀតក្អម បណ្ដាលឲ្យទទួលរងរបួស ។ ក្រោយពីមានហេតុការណ៍កើតឡើង បុរសជាជនដៃដល់ ត្រូវបាននគរបាលស្រុកស្អាងឃាត់ខ្លួន រីឯបុរសជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅសង្រ្គោះនៅមន្ទីរកាលម៉ែត្រ រាជធានីភ្នំពេញ ។ ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង នៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ជា វុធ ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (មានស្នាមរបួសត្រង់គល់ចិញ្ចើមចំនួន១កន្លែង) មានទីលំនៅភូមិឃុំកើតហេតុ រីឯជនរងគ្រោះឈ្មោះ ហ៊ ញ៉ាញ់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល (មានស្នាមមុតចំនួនមួយកន្លែង ត្រង់កន្តៀតក្អមខាងឆ្វេង ) ។ ចំណែកវត្ថុតាងដកហូតបានមានកាំបិតផ្គាក់ចំនួន១ មានប្រវែង៣០សង្ទីម៉ែត្រ ដងធ្វើអំពីដើមឫស្សីប្រវែង៤០សង្ទីម៉ែត្រ ។

ប្រភពដដែលបន្ដថា កាលពីថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង៤០នាទី ជនរងគ្រោះ និងជនសង្ស័យបាននាំគ្នាទិញស្រាបៀចំនួន១កេះ មកផឹកដោយមានមិត្ដភក្ដិបក្ខពួកគ្នា៣ទៅ៤នាក់ នៅលើគ្រែក្រោមផ្ទះរបស់ជនសង្ស័យឈ្មោះ ជា វុធ លុះផឹកអស់ហើយ មិត្ដភ្ដិបក្ខពួក៣ទៅ៤នាក់នោះ បាននាំគ្នាត្រឡប់ទៅផ្ទះវិញ ដោយនៅតែជនសង្ស័យឈ្មោះ ជា វុធ និងជនរងគ្រោះឈ្មោះ ហ៊ ញ៉ាញ់ រួមទាំងឈ្មោះ រិទ្ធ បាននាំគ្នាទិញថែមកន្លះកេះផឹកបន្ដទៀត ។ លុះផឹកបានមួយសន្ទុះ ឈ្មោះ ជា វុធ និងឈ្មោះ ហ៊ ញ៉ាញ់ បានឈ្លោះប្រកែកពាក្យសម្តី និងគ្នា ធ្វើឲ្យមានការប្រតាយប្រតប់គ្នា ខណៈនោះ ជនរងគ្រោះវាយជនសង្ស័យឈ្មោះ ជា វុធ ត្រូវចំ១កែងដៃ ត្រង់គល់ចិញ្ចើមខាងឆ្វេង ខណៈនោះឈ្មោះ ជា វុធ បានយកកាំបិតផ្គាក់កាប់ទៅលើឈ្មោះ ហ៊ ញ៉ាញ់ ត្រូវចំកណ្ដៀតក្អមខាងឆ្វេង បណ្ដាលឲ្យរងរបួសតែម្ដង ។

បន្ទាប់ពីមានហេតុការណ៍កើតឡើង នគរបាលប៉ុស្តិ៍បានចុះមកឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា វុធ បញ្ជួនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកឯជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត រាជធានីភ្នំពេញ ៕ ស្អាងជ័យ


ចែករំលែក៖