ព័ត៌មានទាន់ហេតុការណ៍៖

បើអាមេរិកវាយប្រហារ អ៊ីរ៉ង់ នឹងមានរឿងអ្វីកើតឡើង

ចែករំលែក៖

អ្នកឯកទេសវិភាគ​របស់មន្ទីរបញ្ចកោណអាមេរិក​បាន ប្រកាសឲ្យដឹងថា ​​ប្រសិនបើអាមេរិក​វាយប្រហារអ៊ីរ៉ង់នោះ ក្នុងរយៈតែពីរម៉ោង​ប៉ុណ្ណោះ អាមេរិក នឹងកម្ទេចកម្លាំងទាហានជើងទឹកអ៊ីរ៉ង់ទាំងស្រុង​ ។ ​ប៉ុន្តែអ៊ីរ៉ង់នឹងវាយបកវិញទៅលើទីតាំងអាមេរិក និងសម្ពន្ធមិត្តនៅមជ្ឈិមប៉ូព៌ា ធ្វើឲ្យខាតបង់ រាប់ពាន់ពាន់លានដុល្លារ​ ។

កន្លងមក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាឲ្យវាយប្រហារ អ៊ីរ៉ងតែលុបចោលវិញ​ក្នុងរយៈពេល​១០នាទីក្រោយមក ដោយសភាអាមេរិក មុនអនុញ្ញាត​ហើយខ្លាចមានបញ្ហាកាន់តែធំកើតឡើង​ ។

បើទទួលរងការវាយប្រហារនោះ អ៊ីរ៉ង់នឹងបំផ្លាញសេដ្ឋកិច្ច ភពលោកទាំងមូល​ តាមរយៈការដាក់ពង្រាយមីស៊ីលបុក នៅតំបន់ឈូងសមុទ្រពែក្ស កម្ទេចរាល់នាវាដឹកទំនិញ ។ នៅពេលនោះតម្លៃទំនិញ និងប្រេង កើនឡើងខ្ពស់​ប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ។

ជាមួយគ្នានេះដែរ អ៊ីរ៉ង់នៅមានសម្ពន្ធមិត្ត ដ៏ជិតស្និទ្ធ គឺរុស្ស៊ី និង​ចិន ដែលតែងតែ ការពារអ៊ីរ៉ង់ ពីក្រោយជានិច្ច ទាំងនោះហើយបានជាអាមេរិក មិនហ៊ានវាយប្រហារនៅពេលនេះដោយ​បង្កើនការដាក់ទណ្ឌកម្ម ជំនួសវិញ​ ។ ប៉ុន្តែអាមេរិក នៅតែមានគោលបំណងវាយប្រហារកម្ចាត់អ៊ីរ៉ង់ដដែល ដោយសារតែ​អ៊ីរ៉ង់​គឺជា​«ឆ្អឹងទទឹងក»របស់អាមេរិក​នៅតំបន់មជ្ឈិមបូព៌ា ។

តើសង្រ្គាមរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋអ៊ីស្លាម អ៊ីរ៉ង់អាចនឹងផ្ទុះឡើងដែរ ឬទេ?

ចម្លើយគឺងាយនឹងឆ្លើយបំផុតនោះ គឺសង្រ្គាមអាចនឹងផ្ទុះឡើង ប៉ុន្តែមិនមែនពេលនេះ ហើយក៏មិនមាននរណាដឹងថា នៅពេលណានោះដែរ ។ ប៉ុន្តែបើសង្រ្គាមផ្ទុះមែន អ៊ីរ៉ង់មិនមែនជាដៃគូរបស់អាមេរិក ដែលជាមហាអំណាចយោធាលេខមួយនៅលើ ពិភពលោកបានឡើយ ។

អ៊ីរ៉ង់បានដឹងយ៉ាងច្បាប់ថា ខ្លួនរស់នៅមិនបានសុខឡើយ​ក្រោយបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់នាឆ្នាំ​១៩៧៩ ។ ទាំងនោះហើយអ៊ីរ៉ង់បានខិតខំ ផលិត អាវុធទំនើបៗជាច្រើន ក្នុងនោះមានទាំងមីស៊ីល ដែលអាចវាយប្រហារទៅលើទីតាំងនានារបស់អាមេរិក​ ។ តើអ៊ីរ៉ង់នឹងអាមេរិក​មានកម្លាំងទាហាន ក៏ដូចជាសព្វាវុធ ខុសគ្នា ប៉ុណ្ណា ។

ខាងក្រោមនេះ គឺការប្រៀបធៀបត្រួសៗរវាងកម្លាំងយោធាអាមេរិក និងអ៊ីរ៉ង់៖

* សហរដ្ឋអាមេរិក

– មានកញ្ចប់ថវិកាយោធាជាង ៧១៦ពាន់លានដុល្លារ (ឆ្នាំ២០១៨)

– មានកងទ័ពសកម្មចំនួន ១,២៨១,៩០០នាក់ និងទ័ពបម្រុង ៨៦០,០០០នាក់

– មានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៧,២០០គ្រាប់ (មិនរាប់មីស៊ីល)

– មានរថក្រោះ ៦,៣៩៣គ្រឿង

– មានយន្ដហោះចម្បាំងសរុប ១២,៣០៤គ្រឿង

– មានឧទ្ធម្ភាគចក្រយោធា ៤,៨៨៩គ្រឿង

– មាននាវាចម្បាំងសរុប ៤៣៧គ្រឿង ក្នុងនោះនាវាផ្ទុកយន្ដហោះចម្បាំង ២៤គ្រឿង និងនាវាមុជទឹក ៧១គ្រឿង ។

* ប្រទេសអ៊ីរ៉ង់

– មានកញ្ចប់ថវិកាយោធា ១៩.៦ពាន់លានដុល្លារ (ឆ្នាំ២០១៨)

– មានកងទ័ពសកម្ម ៥៥០,០០០នាក់ និងទ័ពបម្រុង ៣៥០,០០០នាក់

– មានរថក្រោះ ២,៥៣១គ្រឿង (មិនរាប់បញ្ចូលមីស៊ីល និងគ្រាប់រ៉ុក្កែត)

– មានយន្ដហោះចម្បាំងសរុប ៨៥០គ្រឿង

– មានឧទ្ធម្ភាគចក្រយោធាសរុប ៣២៤គ្រឿង

– មាននាវាចម្បាំងសរុប ៤០៦គ្រឿង និងនាវាមុជទឹក ៣៤-៤០គ្រឿង ។

យ៉ាងណាក៏ដោយការរៀបរាប់អំពី សក្កានុពលយោធាជាក់ស្តែងរវាងប្រទេសទាំងពីរ មិនអាចបង្ហាញអំពីភាពឈ្នះ ឬចាញ់សង្គ្រាម ដែលអាចទៅរួចទាំងស្រុងនោះឡើយ ខណៈកត្តាសំខាន់ៗផ្សេងទៀតដូចជា យុទ្ធសាស្ត្រយោធា ទីតាំងភូមិសាស្ត្រ និងការជួយបន្ថែមពី ក្រោយខ្នង ឬដោយចំពោះពីសំណាក់បណ្តាសម្ព័ន្ធមិត្ត នៃភាគីជម្លោះរៀងៗខ្លួននោះ ក៏ចាំបាច់ដែលអាចបង្កើន កម្លាំងប្រទេសនីមួយៗ នៅក្នុងពេលផ្ទុះសង្គ្រាមនោះផងដែរ ។

គួរជម្រាបថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានផ្ទុះឡើងចាប់តាំងពីសហរដ្ឋអាមេរិក ចាប់ផ្ដើមផែនការដាក់ទណ្ឌកម្មឡើងវិញ ប្រឆាំងទីក្រុងតេហេរ៉ង់កាលពីចុងឆ្នាំ២០១៨ ក្រោយដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ។ សហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ខ្លួន កាលពីខែឧសភាបានអះអាងថា ខ្លួនបានដឹងអំពីផែនការសម្ងាត់របស់អ៊ីរ៉ង់ ដែលកំពុងត្រៀមវាយប្រហារមកលើសម្ព័ន្ធមិត្តអាមេរិក នៅក្នុងតំបន់មជ្ឈិបូព៌ា ។

ដូច្នេះដើម្បីការពារសម្ព័ន្ធមិត្ត និងផលប្រយោជន៍អាមេរិកក្នុងតំបន់មជ្ឈិមបូព៌ាជាធំ អាមេរិកក៏សម្រេចបញ្ជូនកងកម្លាំងយោធា និងសព្វាវុធគ្រប់ប្រភេទមកកាន់តំបន់នេះតែម្តង ។ បន្ថែមពីនេះភាពតានតឹងរឹតផ្ទុះខ្លាំងឡើង បន្ទាប់ពីសហរដ្ឋអាមេរិកចោទអ៊ីរ៉ង់ជាថ្មីថា ជាអ្នកវាយប្រហារលើកប៉ាល់ដឹកប្រេង ០២គ្រឿង នៅឯឈូងសមុទ្រអូម៉ង់កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ។ យ៉ាងណាក៏ដោយបណ្តាមហាអំណាចដូចជា ចិន រុស្ស៊ី និងប្រទេសមួយចំនួននៅអឺរ៉ុប សុទ្ធតែបានចេញសារព្រមាន អំពីសកម្មភាពក្តៅគគុកនៅមជ្ឈិមបូព៌ា ដែលអាចឈានទៅរកសង្គ្រាមគ្រប់ពេលវេលា និងបានអំពាវនាវឲ្យគ្រប់ភាគី បញ្ឈប់នូវសកម្មភាពបង្កហេតុនានា ៕


ចែករំលែក៖