ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់២នាក់ ត្រូវនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ បានបញ្ជូនចោរឆក់២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ក្រោយឃាត់ខ្លួននិងសាកសួរបញ្ចប់នីតិវិធី ។

មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ទី១.ឈ្មោះ កែវ រតន: ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ;និងទី២.ឈ្មោះ ជួប សីហា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ។

សម្ភារដកហូត៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិត ឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ 1GJ-3884។

មន្រ្តីដដែលបន្តថា កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ នៅវេលា ម៉ោង៨និង២០នាទីព្រឹក លោក ប៊ុត វណ្ណារដ្ឋ នាយករងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងល្បាតរបស់ការិយាល័យជិះល្បាតក្នុងភូមិសាស្ត្រខណ្ឌ៧មករា ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង បានធ្វើ សកម្មភាពឆក់ទូរស័ព្ទពីបុរសរងគ្រោះបានសម្រេច ។ ភ្លាមនោះកម្លាំងជំនាញក៏បានជិះប្រដេញ រហូតមកដល់ចំណុចផ្លូវ ព្រះសីហនុ កែងផ្លូវលេខ១០៥ សង្កាត់បឹងព្រលឹង ខណ្ឌ៧មករា រាជធានីភ្នំពេញ ជនសង្ស័យបានបើកម៉ូតូទៅបុករថយន្ត១គ្រឿងបណ្ដាលឲ្យដួល ទើបសមត្ថកិច្ចក្របួចជាប់ទាំង២នាក់តែម្តង ។

បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញ បានបញ្ចូនជនសង្ស័យទាំង២នាក់នេះ រួមនិងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បី ចាត់ការតាមច្បាប់ ៕ ស រស្មី


ចែករំលែក៖