ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្នព្រួយបារម្ភ មិនហ៊ានបរិភោគសាច់ជ្រូក ទោះបីពេទ្យសត្វបញ្ជាក់យ៉ាងណាក៏ដោយ

ចែករំលែក៖

ខេត្តកំពង់ធំ៖ អាជីវករនៅផ្សារកំពង់ធំ ក្នុងមួយរយៈពេលប្រមាណជិតមួយខែកន្លងមកនេះ ការលក់របស់ពួកគាត់ លើម្ហូបអាហារ មានកាលក់ដាច់គួរសម ទាំងបន្លែ ត្រី សាច់គោ សាច់ទា និងសាច់មាន់ ។ ប៉ុន្តែការលក់ដូរ សាច់ជ្រូកស្ទើរតែគ្មានមនុស្សបរិភោគ ដែលកន្លងមក គាត់ធ្លាប់លក់មួយថ្ងៃអស់ចំនួន២ក្បាល តែប៉ុន្មានថ្ងៃចុងក្រោយនេះ គឺលក់ដាច់មិនអស់មួយចម្ហៀងខ្លួនផង បើទោះបីជា សាច់ជ្រូករបស់ពួកគាត់ មានការបញ្ជាក់អំពីពេទ្យសត្វ ចេញពីកន្លែងសត្តឃាតក៏ដោយ ។

ក្រុមអាជីវករបន្តថា បើទោះបីជាម្ហូបអាហារ ក្រៅពីសាច់ លក់ដាច់ជាងគេក្តី ក៏តម្លៃដែលលក់ចេញ នៅរក្សាតម្លៃថេរដដែល រីឯសាច់គោមានតម្លៃថ្លៃជាងមុន ។

គួរបញ្ជាក់ផងដែរថា ក្នុងពេលកន្លងទៅថ្មីៗនេះ ជំងឺប៉េស្តជ្រូកអាហ្វីក បានផ្ទុះឡើងក្នុងខេត្តចំនួន៥ គឺ ខេត្តកណ្តាល ខេត្តត្បូងឃុំ ខេត្តក្រចេះ ខេត្តតាកែវ និងខេត្តព្រៃវែង ។ ដោយឡែកខេត្តកំពង់ធំ ជំងឺនេះពុំទាន់មានការផ្ទុះឡើងទេ ជាមួយគ្នានេះផងដែរ អាជីវករលក់សាច់ជ្រូក បានសំណូមពរឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងមន្រ្តីជំនាញ ជួយទប់ស្កាត់កុំឲ្យជំងឺប៉េស្តជ្រូកអាហ្វី្រកកើតឡើងក្នុងខេត្តកំពង់ធំ ដើម្បីឲ្យការលក់ដូររបស់ពួកគាត់មាន ប្រជាពលរដ្ឋទិញបរិភោគឡើងវិញ ៕ ប៊ុនរិទ្ធី

 


ចែករំលែក៖