ព័ត៌មានទាន់ហេតុការណ៍៖

លោក វង្ស ពិសេន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារឆមាសទី១ របស់គណបក្សប្រជាជនកម្ពុជាស្រុកពារាំង និងទិសដៅសម្រាប់អនុវត្តបន្តក្នុងឆមាសទី២ ឆ្នាំ២០១៩

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩
ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពារាំង ដឹកនាំដោយលោក វង្ស ពិសេន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារឆមាសទី១ របស់គណបក្សប្រជាជនកម្ពុជាស្រុកពារាំង និងទិសដៅសម្រាប់អនុវត្តបន្តក្នុងឆមាសទី២ ឆ្នាំ២០១៩ ដែលបានប្រារព្ធធ្វើនៅទីស្នាក់ការគណបក្សស្រុក។

មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំនោះ លោក ប្រធានក្រុមការងារ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលទាំងឡាយដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់សមាជិកបក្សទាំងអស់ ដែលក្នុងរយៈពេលកន្លងមកនេះបានខិតខំយកអស់ពីកម្លាំងកាយចិត្ត ក្នុងការកសាងសមិទ្ធផលជាច្រើន សម្រាប់បម្រើឱ្យសង្គមជាតិ ពិសេសបានយកចិត្តទុកដាក់ចូលរួមពង្រឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អ។

ក្នុងខណៈនោះដែរ លោក វង្ស ពិសេន បានដាក់ចេញនូវទិសដៅអនុវត្តការងារបន្តមួយចំនួនរួមមាន៖
១- សមាជិក សមាជិការទាំងអស់ ត្រូវបន្តចូលរួមពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គមដោយមានការចូលរួមក្នុងការបង្ក្រាបល្បែងសុីសង និងបទល្មើសគ្រឿងញៀន។
២- ត្រូវចូលរួមយកចិត្តទុកដាក់តាមដានសភាពការណ៍ផ្សេងៗដែលកើតមានឡើងក្នុងមូលដ្ឋាន ដូចជាប៉េះជ្រូក និងជំងឺគ្រុនឈាមជាដើមដែលជាកង្វល់របស់ប្រជាជន។
៣-ត្រូវយកចិត្តទុកដាក់លើបញ្ហាគ្រោះធម្មជាតិដូចជាខ្យល់ព្យុះ និងទឹកជំនន់ជាដើមដែលទាមទារឱ្យរកទីទួលសុវត្ថិភាព និងត្រៀមការងារជួយសង្គ្រោះ។
៤- ត្រូវចូលរួមជំរុញការធ្វើវេទិកាសាធារណៈដើម្បីស្ដាប់មតិយោបល់របស់ប្រជាពលរដ្ឋ និងចូលរួមដោះស្រាយបញ្ហាដែលជាកង្វល់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន៕

ដោយ៖ សហការី


ចែករំលែក៖