សារព័ត៌មានស៊ីនហួ បានផ្សាយថា ស្ថានីយពិសោធន៍នៅទីអវកាសរបស់ចិន ឈ្មោះថាTiangong-2 ត្រូវបានកម្ទេចចោល ដោយសុវត្ថិភាព ក្រោយស្ថានីយនោះបានបញ្ចប់ភារកិច្ចស្រាវជ្រាវ ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ មន្ទីរពិសោធន៍អវកាសចិន Tiangong-2 ត្រូវបានបញ្ជាឲ្យបន្ទាបខ្លួនចូលមកក្នុងស្រទាប់ បរិយាកាសផែនដីវិញ ហើយកម្ទេចចោលដោយសុវត្ថិភាពតាមការគ្រោងទុក។
មន្ទីរពិសោធន៍អវកាស Tiangong-2 ដែលមានន័យជាភាសាខ្មែរថា «វិមានឋានសួគ៌ទីពីរ» នោះ ត្រូវបានបញ្ជូនទៅកាន់ គន្លងទីអវកាសកាលពីឆ្នាំ២០១៦ ហើយកាលពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ វាត្រូវបានអ្នកវិទ្យាសាស្រ្តចិនបញ្ជាគ្រប់គ្រងឲ្យ ចុះ មកក្នុងបរិយាកាសផែនដីវិញ ដើម្បីកម្ទេចចោល។ ខណៈមន្ទីរពិសោធន៍អវកាសនេះ ស្ទើរតែត្រូវបានឆេះខ្ទេចទាំងស្រុងក្នុងផ្ទៃអាកាស កម្ទេចកម្ទី មួយចំនួនតូចរបស់វា បានធ្លាក់ទៅក្នុងតំបន់សុវត្ថិភាព ដែលត្រូវបានកំណត់ទុកជាមុន នៅភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក ។
មកទល់បច្ចុប្បន្ន មន្ទីរពិសោធន៍អវកាស Tiangong-2 បានស្ថិតក្នុងអវកាសអស់រយៈពេលប្រមាណ១,០០០ថ្ងៃ ខណៈវាត្រូវគេ កំណត់អាយុកាលធ្វើប្រតិបត្តិការត្រឹម២ឆ្នាំប៉ុណ្ណោះ។ ហេតុនេះហើយ អ្នកវិទ្យាសាស្រ្តចិន បានសម្រេចកម្ទេចវាចោលពេលឥឡូវ តែម្តង ដើម្បីកុំឲ្យបាត់បង់ម្ចាស់ការ ដូចកាលមន្ទីរពិសោធន៍អវកាស Tiangong-1 ដែលបានធ្លាក់មកផែនដីវិញ កាលពីខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីវាឈប់ដំណើរការតាំងពីឆ្នាំ២០១៦ ក្រោយត្រូវបង្ហោះឡើងអវកាសកាលពីឆ្នាំ២០១១ តែហេតុការណ៍នោះមិនបានបង្កគ្រោះថ្នាក់អ្វីទេ។
គួរជម្រាបថា មន្ទីរពិសោធន៍អវកាសទាំងពីរគ្រឿង គឺជាកិច្ចប្រឹងប្រែងសាកល្បងរបស់ប្រទេសចិន ក្នុងការបង្កើតស្ថានីយអវកាស ផ្ទាល់ខ្លួនមួយឲ្យបាននៅឆ្នាំ២០២២។ បច្ចុប្បន្ននៅក្នុងទីអវកាស មានស្ថានីយអវកាសតែមួយគត់ គឺស្ថានីយអវកាសអន្តរជាតិ ISS ដែលជាសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការរួមគ្នារវាងសហរដ្ឋអាមេរិក រុស្ស៊ី កាណាដា អឺរ៉ុប និងជប៉ុន និងបានធ្វើប្រតិបត្តិការ តាំងតែពីឆ្នាំ១៩៩៨មក ហើយត្រូវចូលនិវត្តន៍នៅឆ្នាំ២០២៤។ យ៉ាងណាមិញបើតាមគម្រោង ស្ថានីយអវកាសរបស់ចិន ទំនងជា មិនធំដូចជាស្ថានីយ ISS ឡើយ។
ខណៈអតីតសហភាពសូវៀត (រុស្ស៊ី) និងសហរដ្ឋអាមេរិក សុទ្ធតែបានប្រឡូកក្នុងវិស័យអវកាសរាប់ទសវត្សរ៍មកហើយ ចិនទើប តែ បានក្លាយជាប្រទេសទីបី ដែលអាចបញ្ជូនមនុស្សឡើងទីអវកាសនៅឆ្នាំ២០០៣ប៉ុណ្ណោះ ប៉ុន្តែឥឡូវអ្នកជំនាញមួយចំនួនបាន ព្យាករណ៍ឃើញថា វិស័យអាកាសរបស់មហាយក្សនៅអាស៊ីមួយនេះ អាចនឹងមានសន្ទុះរីកចម្រើនយ៉ាងខ្លាំងក្លាបំផុត រហូតអាច តាមទាន់ឬវ៉ាអាមេរិកថែមទៀតផង ក្នុងពេលប៉ុន្មានទសវត្សរ៍ខាងមុខ៕