ព័ត៌មានទាន់ហេតុការណ៍៖

កូនឈើចម្រុះចំនួន ៥ពាន់ដើម ត្រូវបានដាំនៅក្នុងតំបន់ឧទ្យានអង្គរ

ចែករំលែក៖

ខេត្តសៀមរាប៖ កូនឈើចម្រុះរួមមាន គ្រញូង១៧០០ដើម ធ្នង់១០០ដើម ច្រេស១០០ដើម ឈើទាល១៥០០ដើម គគីរ១៥០០ដើម ពពេល១០០ដើម សរុបចំនួន៥០០០ដើម ត្រូវបានព្រះសង្ឃ គរុសិស្ស និងសប្បុរសជនដឹកនាំដោយលោកស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ចំនួន១០០០អង្គ/នាក់ សហការជាមួយអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០១៩ម្សិលម៉ិញបានដាំនៅក្នុងបរិវេណប្រាសាទប្រីក្នុងរមណីយដ្ឋានអង្គរឡើងវិញ។

តេជគុណព្រះសទ្ធម្មប្បកាសេនី បណ្ឌិត តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសា ដែលបានដឹកនាំសកម្មភាពយ៉ាងផុសផុលចូលរួមជាមួយអាជ្ញាធរជាតិអប្សរាក្នុងការដាំកូនឈើឡើងវិញ មានសង្ឃដីកាថា៖ ការដាំនិងថែរក្សាព្រៃឈើ គឺជាកាតព្វកិច្ចចម្បងរបស់យើងគ្រប់គ្នា ព្រោះព្រៃឈើត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងតម្រូវការដ៏ចាំបាច់ក្នុងការរស់នៅរបស់ប្រជាជនទូទៅ និងនាំមកនូវភាពបៃតងនៃបរិស្ថានដ៏សែនមនោរម្យ។ ការដាំដើមឈើ ក៏ជាបង្កើនការយល់ដឹង និងការចូលរួមស្រលាញ់ ថែរក្សា និងការពារធនធានធម្មជាតិនិងជីវៈចម្រុះ ជាពិសេសការដាំឈើ១ដើម ក៏ដូចជាយើងបានឱ្យជីវិតគេមួយដែរ។ ដូច្នេះកាលណាយើងឱ្យជីវិតគេគ្រប់ៗគ្នា គឺពិតប្រាកដថាយើងបានបុណ្យមិនចាំបាច់ធ្វើបុណ្យធំៗទេ គឺយើងដាំតែដើមឈើនោះក៏យើងបានបុណ្យដែរ។

លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ លើកឡើងថា ការចូលរួមរបស់ព្រះសង្ឃ គរុសិស្ស និងសប្បុរសជននាពេលនេះគឺជាកាយវិការដ៏គួរឱ្យគោរព និងលើកទឹកចិត្តជាទីបំផុត ព្រោះសកម្មភាពទាំងនេះកំពុងតែបានឆ្លើយតបជាវិជ្ជមានចំពោះសេចក្តីអំពាវនាវរបស់អាជ្ញាធរជាតិអប្សរាក្នុងយុទ្ធនាការសាធារណៈដាំកូនឈើឡើងវិញនៅរមណីយដ្ឋានអង្គរ។ ម៉្យាងវិញទៀត កាយវិការទាំងនេះពិតជាបានបញ្ជ្រៀបនូវអត្ថន័យដាស់តឿនយ៉ាងជ្រាលជ្រៅក្នុងចលនាមហាជនសំដៅការយកចិត្តទុកដាក់ដាំដើមឈើឡើងវិញឱ្យស្របទៅនឹងគោលនយោបាយអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ ក៏ដូចជាគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាក្នុងការយកចិត្តទុកដាក់ដាំនិងថែរក្សាព្រៃឈើ ៕ ប៊ុនរិទ្ធី


ចែករំលែក៖