ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្រ្តីម្នាក់បានអះអាងថារថយន្តមួយគ្រឿងម៉ាកមីនីខប់ភើ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AF-5970 ជាកម្មសិទ្ធិរបស់គាត់ដែលត្រូវមិត្តភក្តិប្តីជាអានិកជនខ្មែរសិង្ហបុរីម្នាក់ ឆបោករថយន្តមិត្តភក្តិបាត់ជាង១ឆ្នាំកន្លះ ស្រាប់តែប្រទះឃើញនៅយានដ្ឋានជួសជុលរថយន្ត ប៉ុន្តែរកម្ចាស់រថយន្តដែលយកមកដាក់ជួសជុលមិនឃើញ ។
ករណីបង្កការភ្ញាក់ផ្អើលខាងលើ កាលវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៩ នៅចំណុចយានដ្ឋានមួយកន្លែងគ្មានស្លាកយីហោ តាមផ្លូវបេតុងលេខ៩០BT ភូមិត្នោតជ្រំ៣ សង្កាត់បឹងទំបឹងទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ស្រ្តីដែលអះអាងថាជាម្ចាស់រថយន្តនោះមានឈ្មោះ យាន ណាវី អាយុ៣០ឆ្នាំ មុខរបរបើកហាងលក់សាប៊ូ CS ស្នាក់នៅផ្ទះលេខ២៧BEo ផ្លូវលេខ២៨២ សង្កាត់កេងកងទី១ ខណ្ឌចំការមន ។
តាមប្រភពពីស្ត្រីរងគ្រោះ បានរៀបរាប់នៅកន្លែងកើតហេតុឲ្យដឹងថា គាត់បានដាក់ពាក្យប្តឹងទៅលើឈ្មោះ សារឿង សំណាង ភេទប្រុស អាយុប្រហែល៤៥ឆ្នាំ ពុំស្គាល់ទីលំនៅ ពីបទឆបោករថយន្តម៉ាកមីនីខប់ភើ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AF-5970 នៅចំណុចផ្ទះលេខ២៧BE០ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ។
ស្ត្រីរងគ្រោះបន្តថា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យដែលជាមិត្តភក្តិរបស់ប្តី នឹងជាអានិកជនខ្មែរសិង្ហបុរី បានឆបោករថយន្តរបស់គាត់ ដោយជននោះបានប្រាប់គាត់ថាយកសោរថយន្តទៅចម្លង ពេលបានរថយន្តហើយក៏បាត់ដំណឹងរហូត ។ ទើបមកគាត់និងប្តីបានព្យាយាមទំនាក់ទំនងតាមទូរស័ព្ទតែមិនចូល ក៏សម្រេចចិត្តបានដាក់ពាក្យបណ្ដឹងនៅនគរបាលរដ្ឋបាលបឹងកេងកងទី១ ដើម្បីស្រាវជ្រាវចាប់ជនបង្កមកចាត់ការតាមច្បាប់ ។
ក្រោយកើតហេតុកម្លាំងនគរបាលខណ្ឌមានជ័យ បានយករថយន្តខាងលើនេះទៅរក្សាទុកនៅប៉ុស្តិ៍សិនរងចាំម្ចាស់យកឯកសារមកផ្ទៀងផ្ទាត់ និងរងចាំម្ចាស់ដែលយករថយន្តនេះមកដាក់ឲ្យជាងជួសជុល ដើម្បីឃាត់ខ្លួនសាកសួរថាតើ រថយន្តនេះជារបស់អ្នកណាពិតប្រាកដ ។ ចំណែកម្ចាស់យានដ្ឋានបានឲ្យដឹងថា រថយន្តនេះគឺមានបុរសម្នាក់មិនស្គាល់ឈ្មោះបានយកមកដាក់ឲ្យគាត់ជួសជុលហើយទៅបាត់ ស្រាប់តែដល់ម៉ោងកើតហេតុក៏មានរឿងបែបនេះតែម្តង ៕ ភារ៉ា ដង្កោ