ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់វាយប្រហារប្រទេស មីយ៉ានម៉ាជាទ្រង់ទ្រាយធំ ជនលិចតំបន់ជាច្រើន នៅក្នុងប្រទេសនេះ ។ ផ្ទះសម្បែងប្រមាណជិត ១ម៉ឺនខ្នង រងផលប៉ះពាល់ ។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយមីយ៉ានម៉ាបានឲ្យដឹងថា ទឹកជំនន់បាន និងកំពុងវាយប្រហារនៅក្នុងតំបន់ និងរដ្ឋសរុប៨ ក្នុងប្រទេសមីយ៉ាន់ម៉ា ហើយលំនៅឋានប្រជាពលរដ្ឋជាង៩០០០ខ្នងប្រឈមនឹងទឹកលិច មនុស្សរាប់សិបពាន់នាក់ជម្លៀសខ្លួនទៅរកទីសុវត្ថិភាព ។
ប្រភពព័ត៌មានស៊ីនហួ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ បានផ្សាយដោយដកស្រង់ប្រភពពីនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់មីយ៉ាន់ម៉ាបញ្ជាក់ថា បញ្ហាគ្រោះទឹកជំនន់នេះ បាន និងកំពុងគំរាមកំហែងលិចលង់តំបន់ និងរដ្ឋចំនួន៨ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បង្ខំឲ្យមនុស្សរស់នៅក្នុងផ្ទះជាង៩៤២០ខ្នង ត្រូវភៀសខ្លួនទៅរកទីសុវត្ថិភាព ។ ទឹកជំនន់នៅពេលនេះ បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់អំឡុងពេលថ្មីៗនេះ ។
តំបន់ និងរដ្ឋដែលរងគ្រោះដោយទឹកលិចនាពេលនេះ មានរដ្ឋ ដូចជា Bago, Mon, Chin, Rakhine, Kachin, Sagaing, Mandalay និងតំបន់ Magway ផងដែរ ។ លំនៅឋានប្រជាជនត្រូវទឹកលិចហួសពីដំបូលក៏មាន ក្រុមជួយសង្គ្រោះបាន និងកំពុងប្រតិបត្តិការនៅទីតាំងទឹកជំនន់ទាំងនោះ ។
នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ Daw Phyu Lei Lei Tun បានថ្លែងថា «យើងកំពុងព្យាយាមជួយជម្លៀសខ្លួនពលរដ្ឋរងគ្រោះដោយទឹកជំនន់ឲ្យបានទាន់ពេលវេលា តាមការណែនាំរបស់រដ្ឋបាលប្រចាំតំបន់» ។
ក្រសួងសុខុមាលភាពសង្គម កាត់បន្ថយ និងដំណោះស្រាយមីយ៉ាន់ម៉ា អមដោយរដ្ឋបាលក្នុងតំបន់ បានចែកអង្ករ និងជំនួយមនុស្សផ្សេងៗទៀតដល់ជនរងគ្រោះដោយទឹកជំនន់ទាំងនោះផងដេរ ។
អំឡុងរដូវកាលវស្សាចូលមកដល់ចាប់ពីខែមិថុនា ដល់ខែកញ្ញា របស់ប្រទេសមីយ៉ាន់ម៉ា គឺតែងតែកើតមាននៅគ្រោះទឹកជំនន់ និងបាក់ដីញឹកញាប់ ។ មួយផ្នែកធំបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងជោកជាំ ព្រមទាំងខ្យល់ខ្លាំង ជាពិសេសនៅតំបន់ជួរភ្នំ និងតំបន់វាលទំនាប ៕