ខេត្តប៉ៃលិន ៖ ក្រោយពីសង្កេតឃើញបន្ទប់ផ្ទះជួលមួយកន្លែង របស់ម្ចាស់ ឈ្មោះ ធី ឡៃគា ភេទប្រុស អាយុ៤៩ឆ្នាំ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅខេត្ត ប៉ៃលិន បិទទ្វារជិតខ្ទាស់គន្លឹះពីខាងក្នុង អស់រយ:ពេល៣-៤ថ្ងៃ ស្របពេលដែលជះក្លិនស្អុយចេញពីក្នុងបន្ទប់មកខាងក្រៅស្ទើរទ្រាំមិនកើត ទើបម្ចាស់ផ្ទះ និងអ្នកជិតខាងសម្រេចចិត្តនាំគ្នាគាស់ទ្វារមើល ស្រាប់តែប្រទះឃើញសពស្រ្តីជនជាតិថៃម្នាក់ចងក.ធ្វើអត្តឃាត រហូតដល់ហើមស្អុយរលួយ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។
ហេតុការណ៍ប្រទះឃើញសពស្រ្តីជនជាតិថៃចងក.ធ្វើអត្តឃាតនេះ បណ្តាលឲ្យហើមស្អុយនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅ ក្នុងបន្ទប់ផ្ទះជួលខាងលើ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សពស្រ្តីរងគ្រោះ មាន ឈ្មោះ ឆែតៀ កាក់ឆាក់កន ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិថៃ ។ បន្ទាប់ពីធ្វើកោសល្យវិច័យរួច សមត្ថកិច្ចជំនាញខ្មែរប្រគល់សាកសពជូនខាងភាគីថៃ ។
សមត្ថកិច្ចបន្តទៀតថា មុនពេលកើតហេតុ គេឃើញស្រ្តីរងគ្រោះនេះ មកជួលផ្ទះបុរសខាងលើ ស្នាក់នៅ ហើយក៏តែងតែមានជម្លោះពាក្យសម្តីជាមួយមិត្តភក្តិជាជនជាតិថៃដូចគ្នាជាញឹកញាប់ ហើយស្រ្តីនេះជាអ្នកដើរលេងល្បែងក្នុងកាស៊ីណូជាប្រចាំ ដោយសង្ស័យតែចាញ់ល្បែងអស់ច្រើន ទើបសម្រេចចិត្តបញ្ចប់ជីវិតដោយធ្វើអត្តឃាតតែម្តង ។
គេមិនទាន់ដឹងថា ស្រ្តីខាងលើសម្រេចចិត្តបញ្ចប់ជីវិត ដោយមូលហេតុអ្វីឲ្យច្បាស់នៅ ឡើយទេ ព្រោះគាត់ស្នាក់នៅក្នុងបន្ទប់ផ្ទះជួលតែម្នាក់ឯង រហូតដល់សពហើមស្អុយ ទើបម្ចាស់ផ្ទះ និងអ្នកជិតខាងគាស់គន្លឹះទ្វារបន្ទប់ឃើញបែបនេះ ក៏ប្តឹងឲ្យនគរបាល ចុះទៅត្រួតពិនិត្យ ។
ក្រោយធ្វើកោសល្យវិច័យសពខាងលើ ពិតជាធ្វើអត្តឃាតមែន ហើយក្រោយមកខាងសមត្ថកិច្ចបានរៀបចំរុំសពស្រ្តីរងគ្រោះ ដើម្បីប្រគល់ជូនទៅភាគីថៃនៅវេលាម៉ោង២ និង១០នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ដើម្បីឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស សារ៉េត