ព័ត៌មានទាន់ហេតុការណ៍៖

ពិធីសម្ពោធក្រុមប្រឹក្សាវប្បធម៌និងធុរកិច្ចជប៉ុន-កម្ពុជា (JCBC)

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ លោកឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមជាភ្ញៀវកិតិ្តយសក្នុងពិធីសម្ពោធក្រុមប្រឹក្សាវប្បធម៌និងធុរកិច្ចជប៉ុន-កម្ពុជា (JCBC) ដែលមានលោក Keiichi  KIMURA ជាប្រធាន។ បច្ចុប្បន្ន លោក KIMURA ក៏ជាប្រធានវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រទេសចរណ៍ជប៉ុនផងដែរ។

JCBC ត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញការផ្លាស់ប្តូរវប្បធម៌  និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងជប៉ុន ។

បន្ទាប់ពីបានជួបជាមួយពាណិជ្ជករខ្មែរនៅប្រទេសជប៉ុន  នៅខែធ្នូ ឆ្នាំ២០១៨  លោក  KIMURAបានអញ្ជ្ជើញទៅលេងភ្នំពេញនៅខែមករាឆ្នាំ២០១៩។  ក្រោយពីទស្សនកិច្ចនៅកម្ពុជា  លោក KIMURA ក៏បានជួបពិភាក្សាជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចំនួន៣លើក   ហើយ លោក បានសំរេចចិត្តបង្កើតក្រុមប្រឹក្សានេះឡើង។ លោក KIMURA បានបញ្ជាក់ថា ទស្សនកិច្ច នៅប្រទេសកម្ពុជា  បានផ្លាស់ប្តូរការគិតរបស់លោក ចំពោះកម្ពុជា  ។  លោកបានឃើញ ការរីកចំរើនសេដ្ឋកិច្ច និងភាពរស់រវើករបស់ទីក្រុង   ដែលផ្ទុយពីអ្វីដែលលោកធ្លាប់លឺកន្លងមក  ហើយលោកមានសុទិដ្ឋិនិយម ចំពោះប្រទេសកម្ពុជា ។

សូមបញ្ជាក់ថា ក្រៅពី JCBC   បច្ចុប្បន្ននៅប្រទេសជប៉ុនមានស្ថាប័នចំនួន៣ ទៀតដូចជា   សមាគមជប៉ុន-កម្ពុជា   សមាគមមិត្តភាពតូយ៉ាម៉ា-កម្ពុជា  សមាគមមិត្តភាពជប៉ុនខាងលិច-កម្ពុជា  ដែលដើរតួនាទីក្នុងការជំរុញការធ្វើពាណិជ្ជកម្ម  ទាក់ទាញវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌ រវាងកម្ពុជា និងជប៉ុន ៕

ដោយ៖ សហការី


ចែករំលែក៖