ចិនជាប្រទេសមហាអំណាចយោធា នៅក្នុងតំបន់ ដោយមានកម្លាំងទាហានជើងទឹកខ្លាំងជាងគេបំផុត បន្ទាប់ពីអាមេរិក ។ នៅពេលនេះ ចិនក៏បានចាប់ផ្តើមដំណើរការសាកល្បង នាវាផ្ទុកយន្តហោះប្រភេទថ្មីរបស់ខ្លួន ដែលទើបតែផលិតរួច ។
នៅថ្ងៃទី១ ខែសីហានេះ នាវាផ្ទុកយន្តហោះ ផលិតតាមបច្ចេកវិទ្យារបស់ចិន នឹង សាកល្បង ក្នុងរយៈពេល៤ថ្ងៃ ។ មន្ត្រីយោធាចិន បានប្រកាសថា នាវាផ្ទុកយន្តហោះ Type 001A នេះ នឹងដាក់ឲ្យប្រើប្រាស់ ក្នុងពេលដ៏ឆាប់ៗខាងមុខនេះ ។
ទីភ្នាក់ងារសុវត្ថិភាពនាវាចរណ៍ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានផ្សព្វផ្សាយ នៅលើគេហទំព័រ ដោយបានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការសាកល្បងនាវាផ្ទុកយន្តហោះ និងធ្វើឡើង នៅ លើតំបន់សមុទ្រលឿង ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃចន្ទ សប្តាហ៍ក្រោយ ។ ជាមួយគ្នានេះដែរ មន្រ្ដីខាងលើ ក៏បានស្នើឲ្យទូកផ្សេងទៀត កុំចូលទៅក្នុងដែនសមុទ្រ ដែលនាវាផ្ទុកយន្ដហោះនោះ ធ្វើនាវាចរ ។
លោក Song Zhongqing អ្នកឯកទេសយោធា នៅកោះហុងកុង បានបញ្ជាក់ថា នាវាផ្ទុកយន្តហោះថ្មីនេះ នឹងចូលរួម នៅក្នុងប្រតិបត្តិការសាកល្បងជាមួយកម្លាំងទាហានជើងទឹកចិន នៅខែក្រោយ ។ លោកបានបន្តទៀតថា ការបើកសាល្បងរបស់នាវាផ្ទុកយន្តហោះ Type 001A មានល្បឿនលឿនជាងនាវាផ្ទុកយន្តហោះ Liaoning ដែលទិញមកពីប្រទេសអ៊ុយក្រែន ដោយបានសាកល្បង រហូតដល់ទៅ១០លើក មុនពេល ដាក់ឲ្យម្លាំងទាហានជើងទឹកចិនប្រើប្រាស់ ។
លោក Song Zhongqing បានប្រកាសថា ចិនទទួលបានបទពិសោធ និងបច្ចេកទេសជាច្រើនជាមួយនាវាផ្ទុកយន្តហោះ Liaoning នៅក្នុងការផលិតនាវផ្ទុកយន្តហោះ Type 001A ។ ការបើកសាកល្បងនាវាផ្ទុកយន្ដហោះ នាពេលនេះ ធ្វើឡើង ដោយមន្ត្រីជំនាញរបស់កម្លាំងទាហានជើងទឹក មិនមែនក្រុមវិស្វករផលិតនាវានោះឡើយ៕