ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់ មិនដឹងថា គាត់មកពីណានោះទេ បានរត់ចូលមកក្នុងស្ថានីយប្រេងឥន្ធនៈតេលា អុកឡុកគេឯងនៅក្នុងម៉ាត និងទាញបាញ់សាំងអស់ប្រហែលជា ៦ទៅ៧ លីត្រ ត្រូវបានសន្តិសុខចាប់ឃាត់ខ្លួន ។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចស្ថានីយប្រេងឥន្ធនៈតេលា ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រភពព័ត៌មានដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគេ គេឃើញជនជាតិបរទេសម្នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ អាយុប្រហែលជាង៣០ឆ្នាំ មិនដឹងថាគាត់មានបញ្ហាអី ឬមួយសង្ស័យប្រើប្រាស់សារធាតុហួសកម្រិត ក៏មិនដឹងនោះទេ បានជាអត់មានស្លៀកខោ រួចរត់សំដៅចូលក្នុងស្ថានីយប្រេងឥន្ធនៈតេលា នៅផ្លូវជាតិលេខ៥ ក្បែរគល់ស្ពានជ្រោយចង្វា ហើយអុកឡុកគេឯង បណ្តាលឲ្យផ្អើលភ្ញៀវរត់ចេញក្រៅ ទើបសន្តិសុខ ចាប់គាត់ចេញក្រៅ រួចចងដៃចងជើង ខណ:ជនជាតិបរទេសនោះ និយាយតែម្នាក់ឯងរហូតដល់ពេលគេ សួរនាំទៅស្តាប់គ្នាមិនបានសោះ ហើយសភាពរបស់ជនជាតិបរទេសនោះ មានរបួសបាតជើងខាងឆ្វេង និងបែកមុខបែកមាត់ មិនដឹងថា មានអ្នកវាយធ្វើបាប ឬយ៉ាងណានោះទេ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ឃាត់ខ្លួនជនជាតិបរទេស យកទៅប៉ុស្តិ៍ស្រះចក ដើម្បីប្រគល់ទៅឲ្យខាងអន្តោប្រវេសន៍ចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ