ព័ត៌មានទាន់ហេតុការណ៍៖

តំបន់ឈូងសមុទ្រកាន់តែតានតឹង​ ក្រោយអ៊ីរ៉ង់ចាប់នាវាដឹកប្រេង មួយគ្រឿងទៀត​

ចែករំលែក៖

កម្លាំងទាហានអ៊ីរ៉ង់ ចាប់បានប្រកាសថា ចាប់នាវាដឹកប្រេងមួយគ្រឿងនៅតំបន់ សមុទ្រពែក្ស ដោយសង្ស័យថា បានដឹកប្រេងខុសច្បាប់​ ។ ​សកម្មភាពខាងលើ នឹងបង្កឲ្យតានតឹងកាន់តែខ្លាំង ។

សារព័ត៌មាន​Fars របស់អ៊ីរ៉ង់នៅ ថ្ងៃទី​៤ ខែសីហា បានផ្សាយថា ​នៅលើនាវានោះមាននាវឹក ៧នាក់​ ​និងប្រេង​ប្រមាណ​៧សែនលីត្រ​​ ។ មេបញ្ជាការកម្លាំងទាហានជើងទឹកអ៊ីរ៉ង់ លោក​ RamazanZirahi ​​បានបញ្ជាក់ថា នាវាដឹកប្រេងខាងលើ ចាប់នៅក្នុងដេនសមុទ្ររបស់ប្រទេសអ៊ីរ៉ង់ ​ ។ លោកបន្តទៀតថា នាវាខាងលើកំពុងរត់ពន្ធប្រេង​ទៅកាន់​ប្រទេស​មួយចំនួន ​នៅអារ៉ាប់ ហើយអ៊ីរ៉ង់បានចោទថា នាវានោះ​ជារបស់អ៊ីរ៉ាក់ ។ ប៉ុន្តែក្រសួងប្រេងរបស់អ៊ីរ៉ាក់ ​បានអះអាងថា ខ្លួនមិនបាននាំប្រេង ចេញទៅកាន់ទីផ្សារបរទេសអ្វីនោះឡើយ ។

សេចក្តីរាយការណ៍នោះ បានកើតឡើង​ចំពេលដែលស្ថានការតានតឹងកំពុងកើនកម្តៅខ្លាំង​ផង​ ក្រោយអាមេរិកពង្រឹងការដាក់ទណ្ឌកម្មទៅលើវិស័យប្រេងរបស់អ៊ីរ៉ង់ ។ រីឯការដាក់ទណ្ឌកម្មរបស់អាមេរិក​ បន្ទាប់​ពីទីក្រុងវ៉ាស៊ីន​តោន ​ប្រកាសដកខ្លួនជាឯកតោភាគី ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥នោះ ។

កាលដំបូងឡើយ ​អ៊ីរ៉ង់​ ចោទប្រកាន់នាវា​​នោះ​ ពីបទរត់ពន្ធប្រេង ។ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្មាំការពារដែនសមុទ្រអ៊ីរ៉ង់ ​បានចាប់នាវាដឹកប្រេង MT Riah បំពាក់ទង់ជាតិ​ប្រទេសប៉ាណាម៉ា ។

សារព័ត៌មាន Sepah News របស់ឆ្មាំ​បដិវត្តន៍​អិស្លាមអ៊ីរ៉ង់ ​បាន​ផ្សាយថា នៅអំឡុងពេល​នាវានោះ​ត្រូវបានចាប់ គឺកម្លាំងឆ្មាំ​សមុទ្រ​បានល្បាត គោលបំណង​​រកឲ្យឃើញ និងប្រឈមមុខការរត់ពន្ឌ​ដែលមានការរៀបចំនោះ ។ កាលពីខែមុន អ៊ីរ៉ង់បានចាប់នាវាដឹកប្រេងបំពាក់ទង់ជាតិអង់គ្លេស ឈ្មោះ Stena Impero នៅច្រកសមុទ្រះ ហូមូស​ ដោយនិយាយថា បានបើកទៅបុក​ទូកនេសាទ​មួយគ្រឿង ។

សហរដ្ឋអាមេរិក​បានបន្ទោស​អ៊ីរ៉ង់​ថា ជាអ្នក​វាយប្រហារ​២ដោយឡែកពីគ្នា ដោយប្រើគ្រឿងបំផ្ទុះ ធ្វើឲ្យខូចខាត​នាវាដឹកប្រេង នៅឈូងសមុទ្រអូម៉ង់ កាលពីខែឧសភា និងខែ​មិថុនា ឆ្នាំ២០១៩ តែការចោទប្រកាន់នេះ ត្រូវបានរដ្ឋាភិបាលទីក្រុងតេអេរ៉ង់ ​ច្រានចោល ។ សារព័ត៌មាន Fars News បានផ្សាយថា ប្រតិបត្តិការ​ចាប់​នាវា​​ដឹកប្រេងរបស់បរទេស​ខាងលើនេះ បាន​ធ្វើឡើង​ កាលពីថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅឈូងសមុទ្រ នៃដែនកោះ Farsi ។

នាវាដឹកប្រេងនោះ​ ត្រូវបាននាំទៅកាន់ទីក្រុង Busheher ហើយប្រេងដែលនៅក្នុងនោះ ត្រូវគេប្រគល់ជូនអាជ្ញាធរ ។ ក្រោយមក សារព័ត៌មាន​ Irna បានដកស្រង់សម្តីឆ្មាំការពារបដិវត្តន៍​អ៊ីស្លាមអ៊ីរ៉ង់ ដោយបាន​បញ្ជាក់ថា នាវាដឹកប្រេងដែលចាប់នោះ ជារបស់ប្រទេសអ៊ីរ៉ាក់ ។ ដោយឡែកនាវិក៧នាក់ នៅលើនាវានោះ មានចម្រុះជាតិសាសន៍ ហើយគេនៅមិនទាន់ដឹងថា ពួកគេមកពីប្រទេសណាខ្លះនោះទេ ។ នាវាទាំងនោះ​ ​ហាក់មិនត្រូវបានគេកំណត់ថា បានបាត់ខ្លួននោះដែរ ។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងប្រេង​អ៊ីរ៉ាក់ បានច្រានចោល​ថា ​នាវា​ដឹកប្រេង​ដែលត្រូវ​អ៊ីរ៉ង់​ចាប់ខាងលើនេះ មិនមែនជារបស់អ៊ីរ៉ាក់ទេ ។ នេះបើតាមការផ្សាយរបស់កាសែតរ៉យទ័រ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ ដោយដកស្រង់ប្រភព​ពីប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងតំបន់ ៕


ចែករំលែក៖