ការប្រកាសអាសន្នរបស់ ឥណ្ឌានៅតំបន់ព្រំដែនកាស្មៀរ ក្នុងពេលដែលឥណ្ឌា និងប៉ាគីស្ថាន ចោទប្រកាន់គ្នាទៅវិញទៅមក ពីការវាយប្រហារឆ្លងចូលព្រំដែន LOC បែងចែកតំបន់កាស្មៀរជាពីរ ។
តំបន់កាស្មៀរ មានភាគច្រើនជាជនជាតិអ៊ីស្លាមរស់នៅ ហើយជាតំបន់ដែលមានវិវាទយ៉ាងខ្លាំង រវាងឥណ្ឌា និងប៉ាគីស្ថាន ។ បច្ចុប្បន្នកាស្មៀរបានកាត់ផ្តាច់ជាពីរ ដោយម្ខាងគ្រប់គ្រងដោយ ឥណ្ឌា និងម្ខាងទៀតគ្រប់គ្រងដោយ ប៉ាគីស្ថាន ។ កាលពីឆ្នាំ២០០៣ ប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងឈប់បាញ់ នៅតាមបណ្តោយព្រំដែន ប្រវែង៧២០ គីឡូម៉ែត្រ ។ ប៉ុន្តែកម្លាំងទាហានប្រទេសទាំងពីរ បានប៉ះទង្គិចគ្នាជាបន្តបន្ទាប់ ។
ពាក់ព័ន្ធនឹងភាពតានតឹងនៅតំបន់កាស្មៀរ នៅព្រឹកថ្ងៃទី៥ ខែសីហា មន្ត្រីក្នុងតំបន់កាស្មៀររបស់ឥណ្ឌា បានប្រកាសដាក់តំបន់នេះនៅក្នុងគ្រាអាសន្ន ។ ជាមួយគ្នានោះឥណ្ឌាក៏បានបង្កើនកម្លាំងទាហាន រាប់ម៉ឺននាក់ទៅកាន់ កាស្មៀរផងដែរ ។
នៅក្នុងសេចក្តីប្រកាសរបស់មន្ត្រីក្នុងតំបន់កាស្មៀរបានបញ្ជាក់ថា« ដោយមូលហេតុ រក្សាសន្តិសុខសណ្តាប់ធ្នាប់ យើងមានហាមប្រាមរាល់សកម្មភាពទាំងឡាយរបស់ពលរដ្ឋ ហើយទីតាំងអបរំ មានសាលារៀនជាដើមក៏ត្រូវបិទទ្វារ ផងដែរ ។ ពលរដ្ឋមិនអាចប្រមូលផ្តុំ ឬ ដង្ហែរក្បួនព្យុហយាត្រា ណាមួយ ក្នុងរយៈពេលនេះឡើយ» ។
ច្បាប់អាសន្ន បានអនុវត្តនៅតំបន់ Srinagar កាស្មៀរ ស្ថិតក្រោមការគ្រប់គ្រងរបស់ឥណ្ឌា និងតំបន់ជិតខាងជាច្រើនទៀត ។ បណ្តាញទូរស័ព្ទ សេវាអ៊ីនអឺណែត ក៏ត្រូវបានកាត់ផ្តាច់ ។ មានតែបណ្តាញទូរស័ព្ទ តែមួយគត់របស់រដ្ឋាភិបាល ទើបមានសិទ្ធ ដំណើរការ ។
កាលពីឆ្នាំ២០១៦ នៅតំបន់កាស្មៀរនេះដែរ ក៏បានដាក់តំបន់នេះក្នុងគ្រាអាសន្ន ក្រោយសម្លាប់ មេដឹកនាំពីររូបរបស់ក្រុមឧទ្ធាមដ៏ល្បីល្បាញ់នៅតំបន់នោះ បង្កឲ្យមានបាតុកម្មក្លាយជាហិង្សាបណ្តាលឲ្យមនុស្ស ជាង១០០នាក់ស្លាប់ ។
កន្លងមកថ្មីៗឥណ្ឌាទើបតែបានបញ្ជូនទាហាន១ម៉ឺននាក់ទៅកាន់ព្រំដែនកាស្មៀរ ហើយពេលនេះបានបន្ថែមទាហាន ២ម៉ឺន៥ពាន់នាក់នាក់ ទៅកាន់តំបន់កាស្មៀរ និងJammu នៅថ្ងៃទី១ ខែសីហា នឹងធ្វើឲ្យស្ថានភាពកាន់តែតានតឹង ។
សកម្មភាពខាងលើកើតឡើង ក្នុងពេលដែលទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval បំពេញទស្សនកិច្ចទៅត្រួតពិនិត្យស្ថានភាពនៅតាមព្រំដែន កាលពីចុងសប្តាហ៍កន្លងមក ។ ប្រភពព័ត៌មានបានឲ្យដឹងថា ទីប្រឹក្សាសន្តិសុខ និងមន្ត្រីជាន់ខ្ពស់បានសម្រេច រៀបចំសន្តិសុខសណ្តាប់ធ្នាប់ឡើងវិញនៅរដ្ឋជាប់ព្រំដែនប៉ាគីស្ថាន ។
កន្លងមក ស្នងការប៉ូលិស Jammu និង កាស្មៀរ លោក Dibag singh បានប្រកាសថា កម្លាំងការពារនៅតំបន់ភាគខាងជើង កាស្មៀរ មិនគ្រាប់គ្រាន់ដើម្បីការពារ ទើប បញ្ជូនទាហានបន្ថែម ទៅទីនោះ ។
កាលពីថ្ងៃទី៣០ ខែសីហា កម្លាំងទាហាន ឥណ្ឌា និងប៉ាគីស្ថាន ប៉ះទង្គិចគ្នា នៅតំបន់កាស្មៀរ បណ្តាលឲ្យទាហាន៣នាក់ស្លាប់ និងរងរបួសជាច្រើន៕