ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំកោះហុងកុងប្តេជ្ញា មិនចុះចេញពីតំណែងឡើង

ចែករំលែក៖

ទោះបីរងការថ្កោលទោសយ៉ាងខ្លាំងពីពលរដ្ឋ ឈានដល់មហាបាតុកម្ម រហូតដល់ ៩សប្តាហ៍ជាប់គ្នាពាក់ព័ន្ធនឹង ច្បាប់បត្យាប័ន ក៏ដូចជាទាមទារឲ្យរដ្ឋាភិបាលកោះហុងកុងចុះចេញពីតំណែង ។ នៅពេលនេះ ​មេដឹកនាំកោះហុងកុង លោកស្រី​ Carrie Lam ​បានប្រកាសថា នឹងមិនចុះចេញពិតំណែងនោះឡើយ ។

សារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩ បានផ្សាយថា បើទោះបី បាតុកម្មនៅតែបន្តធ្វើឲ្យកក្រើកទីក្រុងហុងកុង អភិបាលតំបន់ស្វយ័តពិសេសរបស់ចិនមួយនេះ គឺលោកស្រី ខារី ឡាំ (Carrie Lam) បានសម្តែងការប្តេជ្ញាថា លោកស្រីនឹងមិនចុះពីតំណែងជាដាច់ខាត ក៏ប៉ុន្តែនឹងខំប្រឹងប្រែងស្តារសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងហុងកុងឲ្យបានឡើងវិញ ។

ក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃចន្ទនេះ លោកស្រី Lam បាននិយាយដូច្នេះថា «សកម្មភាពបាតុកម្មតវ៉ាថ្មីៗនេះ បានបង្កជាអំពើហិង្សាឥតឈប់ឈរ ហើយទង្វើគួរឲ្យព្រួយបារម្ភទាំងនេះ បានបន្តហួសហេតុដែលមិនមែនសំដៅតែប្រឆាំងនឹងច្បាប់ ស្តីពីការធ្វើបត្យាប័នទៀតនោះឡើយ គឺក្រុមអ្នកតវ៉ាទាំងអស់នោះ កំពុងតែរុញច្រានទីក្រុងហុងកុង ឲ្យឆ្ពោះទៅរកស្ថានការណ៍យ៉ាងគ្រោះថ្នាក់ជាទីបំផុត» ។

លោកស្រី Lam បានបន្ថែមថា ការចុះចេញពីតំណែងរបស់មន្រ្តីលោកស្រី ឬក៏របស់លោកស្រីផ្ទាល់ នឹងមិនអាចជួយស្ថានការណ៍បច្ចុប្បន្នឡើយ ខណៈអ្វីដែលគួរផ្តោតសំខាន់ គឺលោកស្រីត្រូវដឹកនាំទីក្រុងហុងកុង ចេញពីស្ថានការណ៍ដ៏យ៉ាប់យឺនបច្ចុប្បន្ន ។ លោកស្រី Lam ក៏បានថ្លែងការពារការប្រព្រឹត្ត របស់កម្លាំងសមត្ថកិច្ចទីក្រុងហុងកុងផងដែរ កំឡុងការទប់ទល់នឹងសកម្មភាពតវ៉ានាពេលកន្លងមក ។ លោកស្រីបានបញ្ជាក់ថា វាគឺជារឿងចាំបាច់ដើម្បីការពារច្បាប់ និងសណ្តាប់ធ្នាប់ ព្រមទាំងធានាសុវត្ថិភាពជារួមក្នុងទីក្រុងហុងកុង ។

គួរជម្រាបថា នាថ្ងៃចន្ទនេះជើងហោះហើរដល់ទៅជាង ២០០ ត្រូវបានលុបចោលក្នុងទីក្រុងហុងកុង ដែលជាទីតាំងដ៏មមាញឹកបំផុតមួយនៅលើពិភពលោក ហើយនៅតាមស្ថានីយរថភ្លើង ក៏មានការកកស្ទះផងដែរ ដោយសារតែការបន្តបង្កើនសកម្ម ភាពតវ៉ារបស់ក្រុមបាតុករ ។

នៅថ្ងៃទី៥ ខែសីហានេះ​ អាកាសយានដ្ឋានអន្តរជាតិហុងកុង បានប្រកាសលុបជើងហោះហើរ ជាង ១០០ជើង ដោយសារតែ បាតុកម្ម ធ្វើឲ្យរាំងស្ទះអ្នកដំណើរ​ ។ ក្រៅពីនេះ អ្នកទេសចរ បរទេស មិនហានទៅកាន់កោះហុងកុងនោះឡើយក្នុងអំឡុងពេលនេះ ដោយខ្លាចជាប់គាំនៅទីនោះ ៕


ចែករំលែក៖