ភ្នំពេញ៖ ដើម្បីអនុវត្តគោលនយោបាយ ភូមិ – សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានចេញប្រតិបត្តិការបង្ក្រាប់ទីតាំងលួចបើកហ្គេមបាញ់ត្រីខុសច្បាប់២កន្លែងនៅក្នុងផ្ទះ២ល្វែងជាប់គ្នា ដកហូតបានទូរហ្គេមបាញ់ត្រីចំនួន៩ទូរ ម៉ូតូ៣គ្រឿង និងសម្ភារមួយចំនួនទៀត ដោយឡែកមនុស្សរត់គេចខ្លួនអស់ ។
ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ នៅផ្ទះជួលគ្មានលេខពីរល្វែង ជាប់គ្នា A,B ស្ថិតនៅភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដឹកនាំផ្ទាល់ដោយលោក រស់ សុភក្តអភិបាលរង តំណាងលោកអភិបាលខណ្ឌ និងមានការសម្របសម្រួលពីលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
លោករស់ សុភក្ត អភិបាលរង តំណាងលោកអភិបាលខណ្ឌ បានឲ្យដឹងថា បន្ទាប់ពីទទួលបានពត៍មានពីប្រជាពលរដ្ឋ លោកអភិបាលខណ្ឌដែលជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានណែនាំឲ្យដឹកនាំកម្លាំងចម្រុះចុះទៅកាន់ទីតាំងផ្ទះជួល២ល្វែងជាប់គ្នា ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមកិច្ចសម្របសម្រួលលោកស្រីសុង ឆវ័ន្ត ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ។ ជាលទ្ធផលកម្លាំងចម្រុះបានរកឃើញទូរហ្គេមបាញ់ត្រីចំនួន៩ទូ ម៉ូតូ៣គ្រឿង និងសម្ភារមួយចំនួនទៀត ដោយឡែកមនុស្សរត់គេចខ្លួនអស់ ។
លោកអភិបាលរងខណ្ឌបានបន្តថា ប្រតិបត្តិការបង្ក្រាប់ទីតាំងហ្គេមបាញ់ត្រីនេះ និងធ្វើបន្តទៀត ព្រោះទីតាំងបើកហ្គេមខុសច្បាប់ភាគច្រើនមានបង្កប់សកម្មភាពចែកចាយ ជួញដូរ និងសេពគ្រឿងញៀន ។ ជាពិសេសយើងត្រូវរួមគ្នាអនុវត្តគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថភាព ឲ្យមានប្រសិទ្ធភាព ដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ៕ សណ្តោស