ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារផ្ទួនៗគ្នា កក្រើកអាមេរិក​ ស្លាប់៣៤ និងរបួស​ជាង​៥០នាក់ ក្នុងរយៈពេលមិនដល់១សប្តាហ៍

ចែករំលែក៖

បាញ់ប្រហារ ពីរករណីនៅអាមេរិក នាចុងសប្តាហ៍កន្លងមក នៅក្នុងទឹកដីអាមេរិក បណ្តាលឲ្យមានអ្នកស្លាប់កើនឡើង ដល់ទៅ​៣៤ នាក់ និង​រងរបួស ​៥០នាក់ ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង ។ ក្នុងករណីបាញ់ប្រហារពីរលើកចុងក្រោយបំផុតនៅថ្ងៃទី​៤ ខែសីហា ​បានសម្លាប់មនុស្ស​២៩នាក់ ។

នៅក្នុងសប្តាហ៍ទីមួយ នៃខែសីហា ក៏មានការបាញ់ប្រហារនៅរដ្ឋកាលីហ្វ័រនីញ៉ា​ និងនៅក្នុងផ្សារទំនើប​ រដ្ឋ​ Mississippi សម្លាប់មនុស្ស​៥នាក់​ និងរាប់សិបនាក់រងរបួស ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្កោលទោសការបាញ់ប្រហារ ជាបន្តបន្ទាប់នៅអាមេរិក ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន​ក្រោយរងការបាញ់ប្រហារនៅទីក្រុង El Paso ​ក្នុងរដ្ឋតិចសាស និង ទីក្រុង​ Dayto ក្នុងរដ្ឋ​Ohio ​ប្រធានាធិបតីដូណាល់ ត្រាំ បាន ថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាព បាញ់ប្រហារខាងលើ​ ។ លោកបន្តទៀតថា បញ្ហាសុខភាព​ និងបញ្ហាខួរក្បាល ជាមូលហេតុបណ្តាលឲ្យមានការបាញ់ប្រហារខាងលើ​ ។

លោកត្រាំបញ្ជាក់ថា «យើងចាំបាច់ត្រូវតែ មានសកម្មភាព ដើម្បី រារាំងការបាញ់ប្រហារនៅអាមេរិក ។ បញ្ហាទាំងនោះ បានកើតឡើងជាច្រើនឆ្នាំកន្លងមក បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋ»​ ។

ជាមួយគ្នានេះដែរ គូប្រជែងនៅក្នុងការបោះឆ្នោត ជាមួយលោកត្រាំ កាលពីឆ្នាំ​២០១៦ លោកស្រីហ៊ីលឡារី គ្លីនតុន បានអំពាវនាវឲ្យ សភាអនុម័ត ច្បាប់គ្រប់គ្រង អាវុធ ។

អតីតរដ្ឋមន្ត្រីការបរទេស អាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន​ បានអំពាវនាវដល់​​ តំណាងរាស្ត្រនៅក្នុងគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ អនុម័តច្បាប់​​សុវត្ថិភាព ក្នុងការប្រើប្រាស់កាំភ្លើង ក្រោយរងការបាញ់ប្រហារពីរលើកផ្ទួនៗគ្នា ។ ច្បាប់ថ្មីនឹងត្រួតពិនិត្យប្រវត្តរូប​ក៏ដូចជា​ រាល់សកម្មភាពទិញលក់កាំភ្លើង​ ។

នៅលើបណ្តាញសង្គម លោកស្រីហ៊ីលឡារី គ្លីនតុនបានបញ្ជាក់ថា «ចំពោះការបាញ់ប្រហារពីរលើក ក្នុងរយៈមួយថ្ងៃ​ សម្លាប់មនុស្សយ៉ាងច្រើន នោះ​ បានបង្ខំឲ្យយើងត្រូវតែធ្វើសកម្មភាព ដើម្បីទប់ស្កាត់» ។

លោកស្រីហ៊ីលឡារី គ្លីនតុនក៏បានអំពាវានាវដល់គណបក្សទាំងពីរ រួមគ្នា​ដើម្បីអនុម័តច្បាប់គ្រប់គ្រងការប្រើប្រាស់ និងទិញដូរអាវុធ ។ គម្រោងច្បាប់គ្រប់គ្រងអាវុធបានស្នើឡើងជាយូណាសមកហើយ ប៉ុន្តែមកទល់ពេលនេះ​នៅមិនទាន់ អនុម័តជាផ្លូវការនោះឡើយ ។

ការអំពាវនាវរបស់លោកស្រី​ គ្លីនតុនកើតឡើងក្រោយពេលមានការបាញ់ប្រហារ នៅទីក្រុង Dayton ​រដ្ឋ​ Ohio ​សម្លាប់មនុស្ស​៩នាក់ នាថ្ងៃទី​៤ ខែសីហា និងការបាញ់ប្រហារនៅ ទីក្រុង​ El Paso ​រដ្ឋតិចសាស សម្លាប់មនុស្ស ២០នាក់ និង ២៦នាក់រងរបួស ៕


ចែករំលែក៖