ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានចាប់ផ្ដើមកាយស្តារ ប្រឡាយបឹងត្របែក និងឲ្យប្រជាពល រដ្ឋដែលមានលំនៅឋានលើប្រឡាយរំកិលផ្ទះចេញ ដើម្បីបុកស៊ីផាយស្ថាបនាប្រឡាយឡើងវិញធ្វើយ៉ាងណាឲ្យចរន្តទឹកហូរបានលឿនជៀសវាងការលិចលង់លំនៅឋានប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។
ក្នុងខណៈដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យស្ថានភាពប្រឡាយបឹងត្របែក និងផលប៉ះពាល់មួយចំនួនដែលប្រជាពលរដ្ឋរំលោភ លើប្រឡាយបឹងត្របែក នាព្រឹកថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា នៅប្រឡាយបឹងត្របែកយើងមានម៉ូទ័របូមទឹករហូតដល់ ១១គ្រឿងប៉ុន្តែការបូមទឹកទាំងនោះមិនអាចធ្វើសកម្មភាពបានគ្រប់ចំនួនម៉ូទ័រនោះទេ ដោយសារតែមានការកកស្ទះទឹកហូរមិនទាន់ ។ ដើម្បីដោះស្រាយលើបញ្ហានេះរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចស្តារប្រឡាយ និងឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយប្រឡាយ រំកិលផ្ទះរបស់ពួកគាត់ចេញពីមាត់ប្រឡាយដើម្បីយើងបន្តបុកស៊ីបាយជញ្ជាំងប្រឡាយនេះឲ្យបានប្រសើរឡើង។
លោកបន្តថា ពាក់ព័ន្ធនឹងការ ការងាររំដោះទឹកចេញពីរាជធានីភ្នំពេញនេះ អាជ្ញាធររាជធានីភ្នំពេញ បានដាក់ផែនការឱ្យខណ្ឌ ទាំង៥នៅ កណ្ដាលក្រុងស្ដារលូ ស្តារប្រឡាយនៅ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អសំ ដៅធ្វើយ៉ាងណាឲ្យចរន្តទឹកហូរមកដល់ស្ថានីយបូមទឹកបាន។
លោក ឃួង ស្រេង ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាបរិស្ថាន ពិសេសគឺការរក្សាសំរាមទុកឱ្យបានល្អកុំឲ្យសំរាមធ្លាក់ទៅក្នុងអណ្ដូងលូ និងប្រឡាយទឹក ។ប្រជាពលរដ្ឋត្រូវរៀបចំខ្លួនឲ្យបានល្អទៅតាមប្រទេសដែលកំពុង មានភាពស៊ីវីល័យ ពោលគឺត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ។
នៅក្នុងឱកាសនោះដែរ បញ្ហាសណ្ដាប់ធ្នាប់សាធារណៈ លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា មិនថាប្រជាពលរដ្ឋនៅក្នុងរាជធានី ភ្នំពេញឬប្រជាពលរដ្ឋមកពីបណ្ដាខេត្តទេគឺពួកគាត់ បានជំរុញឲ្យអាជ្ញាធររាជធានីរៀបចំសណ្ដាប់ធ្នាប់ សាធារណៈឲ្យបានល្អ ដើម្បីបញ្ចៀសឲ្យបាននូវការកកស្ទះចរាចរណ៍ ដែលការកកស្ទះចរាចរណ៍នេះគឺជាកង្វល់ដ៏ធំរបស់ប្រជាពលរដ្ឋ បើយើងរៀបចំសណ្តាប់ធ្នាប់បានល្អអ្នកថ្មើជើងត្រូវដើរលើចិញ្ចើមផ្លូវ មិនអាចដើរលើទ្រូងផ្លូវបង្កឲ្យមានគ្រោះថ្នាក់ទៀតទេ។ ពេលនេះទៅ បញ្ហាសណ្ដាប់ធ្នាប់មិនអាចបណ្ដែតបណ្ដោយទៀតទេ យើងត្រូវតែយកច្បាប់មកអនុវត្តហើយ ៕ សំរិត