ខេត្តកណ្តាល៖ យុវជនម្នាក់ជាមនុស្សគខឹងឪពុកប្រើឲ្យ ទៅជួយឆ្លូកស្រូវទាំងមិនស្រួលខ្លួន បូករួមទាំងមានបញ្ហាស្មុគស្មាញ ក្នុងក្រុមគ្រួសារផង ក៏សម្រេចចិត្តរត់ចេញពីផ្ទះបាត់ខ្លួនរយៈពេលពីរថ្ងៃមកហើយ មិនដឹងទៅទីណានោះទេ ក្រុមគ្រួសារកំពុងតាមរក ។
យុវជនជាមនុស្សគរូបនេះបានរត់ចេញពីផ្ទះកាលពីវេលាម៉ោងប្រហែលជាង៨យប់ថ្ងៃអាទិត្យ ៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ ។
យុវជនរូបនេះឈ្មោះសល់ ម៉េងហួ អាយុ១៨ឆ្នាំ ជាមនុស្សគ រស់នៅក្នុងបន្ទុកគ្រួសារនៅភូមិជ័យតូច ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
បើតាមពូរបស់យុវជនរូបនេះរៀបរាប់ប្រាប់ថាក្មួយរបស់គាត់មានភិនភាគកម្ពស់ប្រហែល១,៧០ម៉ែត្រ សម្បុរស មុនពេលរត់ចេញពីផ្ទះរូបគេពាក់អាវបង្កង់ដៃខ្លី ស្លៀកខោខូវប៊យជើងវែង ពាក់ស្បែកជើងប៉ាត់តា និងមានស្ពាយកាតាបដាក់ខោអាវមួយផងដែរ ។ នៅមុនពេលកើតហេតុគឺនៅព្រឹកថ្ងៃទី៤ខែសីហា ឪពុករបស់គេបានប្រើឲ្យទៅជួយឆ្លូកស្រូវតែរូបគេធ្វើកាយវិការឲ្យដឹងថាមិនសូវស្រួលខ្លួនតែឪពុករបស់គេនៅតែបង្ខំឲ្យទៅទៀតធ្វើឲ្យរូបគេសម្ដែងអារម្មណ៍ហាក់ដូចជាមិនសូវសប្បាយចិត្តហើយនៅថ្ងៃនោះដែរបូករួមទាំងគ្រួសារមានរឿងរកាំរកូសបន្តិចបន្តួចផងធ្វើឲ្យរូបគេតប់ប្រមល់ក្នុងចិត្តក៏ចេះតែសម្ងំនៅក្នុងបន្ទប់ហើយរូបគេរៀបចំសម្លៀកបំពាក់ដាក់ក្នុងកាតាបតែក្រុមគ្រួសារមិនចាប់អារម្មណ៍ថារូបគេចង់ធ្វើអ្វីនោះទេ ។ លុះដល់វេលាកើតហេតុបាត់រូបគេពីផ្ទះមិនដឹងទៅណាក៏នាំគ្នាផ្អើលឆោឡោចែកផ្លូវគ្នាតាមរកតែម្ដង ។
ពេលនេះក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំងដោយសារតែកូនរបស់គាត់ជាមនុស្សគហើយមិនដែលទៅណាក្រៅតែពីភូមិស្រុករបស់ខ្លួនទេមិនដឹងថាកូនរបស់គាត់សុខទុក្ខយ៉ាងណាហើយ ហើយក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋបើបានឃើញមនុស្សដែលមានភិនភាគដូចរៀបរាប់ខាងលើនិងដូចក្នុងរូបថតនេះសូមមេត្តាផ្ដល់ដំណឹងដោយសេចក្ដីអនុគ្រោះតាមរយៈលេខទូរស័ព្ទ៖ ០៦១ ៣៣៣ ៧៥៨/០៩៦ ២៦៦ ៨២ ៨១ ៕ សុខា