ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះដុតបំផ្លាញម៉ូតូដឹកឈើចំនួន១១គ្រឿង ឈើជាង១ម៉ែត្រគូបប្រគល់ឲ្យរដ្ឋបាលព្រៃឈើផ្នែកបរកែវ

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី សហការជាមួយកម្លាំងបរិស្ថាន, កម្លាំងរដ្ឋបាលព្រៃឈើ និងកម្លាំងនគរបាលបានបង្ក្រាបដុតបំផ្លាញចោលម៉ូតូចំនួន១១គ្រឿង ដែលជាមធ្យោបាយដឹកជញ្ជូនឈើឯឈើប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើបរកែវជាបន្តបន្ទាប់ ។

ការដុតបំផ្លាញម៉ូតូនោះសមត្ថកិច្ចបានធ្វើនៅរសៀលថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ នៅស្រុកអូរយ៉ាដាវ ។

ការដុតបំផ្លាញម៉ូតូនោះដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ។

ហើយនៅក្នុងនោះមានម៉ូតូកែឆ្នៃចំនួន១១គ្រឿង និងឈើប្រភេទលេខ១ផ្ចឹកចំនួន៧ដុំស្មើនឹង១,៦៤៦ម៉ែត្រគូប បានប្រគល់ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើផ្នែកបរកែវចាត់ចែងបន្តតាមច្បាប់ ។

លោកវរសេនីយ៍ត្រីសុខ មីន មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវបានប្រាប់ឲ្យដឹងថាម៉ូតូមធ្យោបាយដឹកឈើចំនួន១១គ្រឿងនេះគឺ៣គ្រឿងទទួលពីកម្លាំងនគរបាលវរការពារព្រំដែនលេខ៦២៣ដែលពួកគាត់បង្ក្រាបបានកាលពីលើកមុនដូច្នេះដុតបំផ្លាញចោលសរុប១១គ្រឿង ។

លោកបន្តទៀតថា ដោយទទួលបទបញ្ជាពីគណៈបញ្ជាការឯកភាពខេត្ត និងដឹកនាំកម្លាំងផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីថាវ យ៉េនមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីគឺកម្លាំងលោកត្រៀមសហការជាមួយកម្លាំងសមត្ថកិច្ចផ្សេងទៀតប្រចាំការ២៤ម៉ោងលើ២៤ម៉ោងពោលគឺបង្ក្រាបជាបន្តបន្ទាប់ដោយមិនយោគយល់អ្នកតូចអ្នកធំ អ្នកក្រអ្នកមាននោះទេពោលគឺអនុវត្តន៍ច្បាប់តែម្តង ៕ ជីវ័ន្ត


ចែករំលែក៖