ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ចុះបង្ក្រាបទីតាំងភ្នាល់បាល់ជ្រកក្រោមអ៊ីនធឺណេត ២៤ម៉ោង ឃាត់ខ្លួនបុគ្គលិក និងអ្នកលេង៤នាក់

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំងភ្នាល់បាល់ជ្រកក្រោមស្លាកអ៊ីនធឺណេតយីហោ២៤ម៉ោង ក្បែរស្តុបកាំកូស៊ីធី ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ក្រោមការដឹកនាំដោយលោក លីន ញ៉ក់ អភិបាលរងខណ្ឌឫស្សីកែវ និងមានការចូលរួមពីលោកតំណាងព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនបុគ្គលិកស្រីៗ និងអ្នកញៀនល្បែង៤ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ ២០១៩ នៅចំណុចផ្ទះលេខ៨២J ផ្លូវបុរីអង្គរភ្នំពេញ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។

យោងតាមប្រភពពីអាជ្ញាធរខណ្ឌឫស្សីកែវ បានឲ្យដឹងថា ទីតាំងបើកល្បែងស៊ីសងខាងលើនេះ បានដំណើរការជាយូរមកហើយជ្រកក្រោមច្បាប់អាជីវកម្មសេវាអ៊ីនធឺណេតវិស័យព័ត៍មានយីហោ(កាកូទី២ណេត)ដែលមានម្ចាស់ឈ្មោះប៊ូ វុត្ថា ភេទប្រុស អាយុ ៣៨ឆ្នាំ មានលំនៅផ្ទះលេខA១៩៨ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ដោយតាមច្បាប់អនុញ្ញាតបើកណេតសេវាកម្សាន្តតុក្តតាតែប៉ុណ្ណោះ បែជាម្ចាស់ទីតាំងបើកល្បែងស៊ីសងភ្នាល់បាលដែលផ្ទុយពីច្បាប់អនុញ្ញាតទៅវិញ ហើយមានការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋពីទីតាំងល្បែងស៊ីសងភ្នាល់បាល់ ទើបកម្លាំងចម្រុះចុះទៅបង្ក្រាបជាក់ស្តែងតែម្តង ។

ក្នុងប្រតិបត្តិការគណៈកម្មាការបានឃាត់ខ្លួន បុគ្គលិកស្រី៣នាក់ និងអ្នកលេងប្រុសម្នាក់ ប្រគល់ទៅនគរបាលដើម្បីចាត់ការតាមច្បាប់ព្រមទាំងដកហូតសម្ភារទូរដែក១គ្រឿង, កុំព្យូទ័រ២០គ្រឿង, CPU១៨គ្រឿង, ទូរទស្សន៍៦គ្រឿង, ទូរទឹកកក១គ្រឿង, ម៉ាស៊ីនព្រីន៣គ្រឿង, ម៉ាស៊ីនទឹកក្តៅទឹកត្រជាក់១គ្រឿង, កង្ហា៥គ្រឿង, តារាងភ្នាល់បាលជាច្រើន និងប្រាក់ចំនួន៣៩១ដុល្លារ និង២៣៧៨៥០០រៀល ។ ដោយឡែកទីតាំងត្រូវបានគណៈកម្មការបិទបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី ៕អារុណរះ


ចែករំលែក៖