ខេត្តកំពង់ឆ្នាំង ៖ កុមារីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងក្មេងប្រុសម្នាក់ទៀតបានរងរបួសធ្ងន់ នៅពេលដែលដើមត្នោតមួយដើមបានបាក់រលំសង្កត់លើ ក្នុងពេលដែលបើកម៉ូតូឆ្លងកាត់កន្លែងកាប់ដើមត្នោត ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង ២០នាទីព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខសាលាបឋមសិក្សា ចំបក់រង្សី ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនងគ្រោះនៅក្នុងឧប្បត្តិហេតុនេះ ម្នាក់ឈ្មោះ ឈ្មោះ សា ម៉ៃសំ ភេទស្រី អាយុ ១៤ ឆ្នាំ បានស្លាប់និង ម្នាក់ទៀតឈ្មោះ សេន អាលី ភេទប្រុស អាយុ១២ឆ្នាំ រងរបួសធ្ងន់ ជនរងគ្រោះទាំងពីររស់នៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រក់ក្រគរខេត្តពោធិសាត់ ។ ចំណែកអ្នកដែលកាប់ដើមត្នោត១-ឈ្មោះ តុល ណាង ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ ។ ២-ឈ្មោះ ផាន់ ជីម ភេទប្រុស អាយុ ២៦ ឆ្នាំ អ្នកទាំងពីររស់នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានបុរស២នាក់ បានកាប់រំលំដើមត្នោត១ដើមត្នោតដែលនៅក្បែផ្លូវ ជិតសាលារៀន ពេលដែលកំពុងតែកាប់បានជិតមួយចំហៀងដើមទៅហើយស្រាប់តែជនរគ្រោះបានជិះម៉ូតូមួយគ្រឿង ឌុបគ្នាមកពីសាលារៀនដែលនៅក្បែរនោះ នៅពេលជិះមកដល់កន្លែងដើមត្នោតក៍ត្រូវដើមត្នោតរលំបាក់មកសង្កត់ពីលើតែម្តង បណ្តាលឲ្យក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ស្លាប់ និង ម្នាក់ទៀតរងរបួសធ្ងន់ ។ ក្រោយពេលកើតហេតុ បុរសអ្នកកាប់រំលំដើមត្នោតត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួន ដើម្បី កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង អនុវត្តតាមនីតិវិធី ៕ ចន្ថា