ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកកំពង់ត្រាច បញ្ចេញកម្លាំងជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

ចែករំលែក៖

ខេត្តកំពត៖ ជំនន់ទឹកភ្លៀងបានគ្របដណ្តប់ពេញស្រុក កំពង់ត្រាច ដោយជន់លិចផលដំណាំ និងលំនៅដ្ឋានប្រជាពលរដ្ឋស្ទើរគ្មានសល់ ដែលកត្តាទាំងនេះធ្វើឲ្យអាជ្ញាធរមូលដ្ឋានព្រួយបារម្ភ និងបានយកចិត្តទុកដាក់ចំពោះប្រជា ពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិមួយនេះបំផុត ។

ជាក់ស្តែងនៅ វេលាម៉ោង៦ ព្រឹក ថ្ងៃ សៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋានស្រុកកំពង់ត្រាច ដឹកនាំដោយលោកវរសេនីយឯក សេង សុគន្ធ ជាអធិការនគរបាលស្រុក បានចុះត្រួតពិនិត្យដល់លំនៅដ្ឋានប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅតាមបណ្តាឃុំទាំង១៤ និងចុះជួយជញ្ជូនរបស់របរ ទ្រព្យសម្បត្តិផ្សេងៗរបស់ប្រជាពលរដ្ឋទាំងឡាយណាដែលលិចលង់ធ្ងន់យកទៅដាក់នៅទីទួលសុវត្ថិភាពយ៉ាងសកម្ម។

ជាមួយគ្នានេះដែរលោក ក៏បានបញ្ជាឲ្យលោកនាយនគរបាលប៉ុស្តិ៍គ្រប់បណ្ដាឃុំ ត្រូវដាក់កម្លាំងល្បាត ពិនិត្យអំពីសភាពការណ៍ ទឹកជំនន់ជាប្រចាំនៅ តាមបណ្តាភូមិ និងត្រៀមកម្លាំង ដើម្បីចុះជួយប្រជាពលរដ្ឋទាន់ពេលវេលា នៅគ្រាដែលមានគ្រោះអាសន្នដោយជំនន់ទឹកភ្លៀងគំរាមកំហែងធ្ងន់ធ្ងរ ៕ ប្រាថ្នា


ចែករំលែក៖