ភ្នំពេញ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីភាពយន្តខ្នាតធំដ៏ល្បីល្បាញរឿង កំណត់ហេតុនាងនាថ ត្រូវបានបែកធ្លាយចែកចាយព្រោងព្រាតពេញបណ្តាញសង្គម ។ អតីផលិតករភាពយន្តនេះបានសម្តែងការសោកស្តាយ និងខកចិត្តជាខ្លាំង ។
រឿង កំណត់ហេតុនាងនាថ”ជាវណ្ណកម្មផលិតកម្មឥន្ទ្រានិម្មិតធ្លាប់ទទួលបានការគាំទ្រច្រើនកាលពីប៉ុន្មានឆ្នាំមុន បានលេចចេញការផ្សាយផ្ទាល់និងចែកចាយ ដោយគេហទំព័រហ្វេសប៊ុកមួយចំនួន ។ អតីតចាងហ្វាយផលិតកម្មឥន្ទ្រានិម្មិត អ្នកស្រី ចាន់ណា សុខឃីម បានបង្ហាញសារខកចិត្តជាខ្លាំងក្រោយពីមានការបែកធ្លាយ និងចែកផ្សាយរឿងនេះដោយមិនមានការអនុញ្ញាត ដែលអ្នកស្រីចាត់ទុកថាជាការបំបាក់ទឹកចិត្តផលិតករក្នុងស្រុក ហើយវាក៏ជាមូលហេតុដែលអ្នកស្រីបារម្ភហើយសម្រេចចិត្តបញ្ចប់ការផលិតភាពយន្តទៀត ។
អ្នកស្រីមិនបានបញ្ជាក់ពីមូលហេតុនៅពីក្រោយការបែកធ្លាយនេះទេប៉ុន្តែអ្នកស្រីស្នើឲ្យបញ្ចប់ការចែករំលែកបន្តព្រោះជាហេតុដែលនៅពីក្រោយការឈឺចាប់របស់ផលិតករក្នុងស្រុកដែលខិតខំផលិតចំណាយទ្រព្យធន ពេលវេលា និងបេះដូងមកផលិត ។ ទោះជាយ៉ាងណាអ្នកស្រីមិនបានបង្ហាញពីចេតនាក្នុងប្តឹងទៅលើគណនីយហ្វេសប៊ុកដែលបានយកភាពយន្តនេះទៅផ្សាយនោះទេ ។
អតីតចាងហ្វាងផលិតកម្មរូបនេះលើកឡើងថា អ្នកស្រីបានសម្រេចបញ្ចប់ការផលិតភាពយន្ត២ឆ្នាំចុងក្រោយនេះបន្ទាប់ពីដាក់ទុនផលិតភាពយន្តរឿង សសរកន្លោង ហើយបច្ចុប្បន្នអ្នកស្រីបានដាក់ទុកបង្កើតហាងលក់បុកល្ហុង និងអាហារសម្រន់យីយោ ស្នាដៃប្តីខ្ញុំ ដែលកំពុងមានការគាំទ្រច្រើន ។
ទោះដកខ្លួនចេញពីវិស័យសិល្បៈអ្នកស្រីរំពឹងថា គ្រប់ទស្សនិកជននឹងចូលរួមលើកកម្ពស់វិស័យសិល្បៈភាពយន្តតាមរយៈជួយគាំទ្រ ចូលរួមទស្សនាភាពយន្តខ្មែរ និងបញ្ចប់ការលួចចម្លង និងចែករំលែកស្នាដៃដោយខុសច្បាប់ ។ អ្នកស្រីថាវាគឺជាការលើកទឹកចិត្តដល់ផលិតករ សិល្បករដើម្បីឲ្យវិស័យភាពយន្តខ្មែរកាន់តែមានគុណភាព៕ វឌ្ឍនា