ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខងារនាយទាហានជាន់ខ្ពស់ បញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ ចំនួន ០២រូប៖ ១. ឧត្ដមសេនីយ៍ទោ អឿ សំអុល មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានការពារអាកាស បច្ចុប្បន្នជាមេបញ្ជាការកងទ័ពការពារអាកាស, ២. ឧត្ដមសេនីយ៍ទោ កង សុផានី មេបញ្ជាការរង បញ្ជាការដ្ឋានការពារអាកាស បច្ចុប្បន្នជាមេបញ្ជាការរង និងជានាយសេនាធិការ កងទ័ពការពារអាកាស។ ពិធីនេះប្រារព្ធធ្វើនៅបញ្ជាការដ្ឋានកងទ័ពជើងអាកាស នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។
នាឱកាសនោះដែរ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានមានមតិណែនាំថា៖ – មេបញ្ជាការត្រូវយកចិត្តទុកដាក់ក្នុងការងារគ្រប់គ្រង និងបង្កើនសមត្ថភាពលើការងារជំនាញប្រកបដោយសីលធម៌ និងគុណធម៌ខ្ពស់ឲ្យសមស្របទៅនឹងតួនាទី ជាអ្នកដឹកនាំ – ត្រូវពង្រឹងឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ស្មោះត្រង់ការពាររាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសំនូមពរដល់នាយទាហានទាំងអស់ត្រូវធ្វើអ្វីដែលមានប្រយោជន៍ជូនប្រទេសជាតិ និងប្រជាជន ជាពិសេសគោរពគោរពតាមការដឹកនាំរបស់រាជរដ្ឋាភិបាល និងរក្សាឲ្យបាននូវកេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្ដីថ្លៃថ្នូរដែលយើងទាំងអស់គ្នាបានខិតខំកសាងនាពេលកន្លងមក ដើម្បីជាគំរូសសម្រាប់អ្នកជំនាន់ក្រោយ៕