ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកកំពុងតែប្រើប្រាស់ បញ្ហាកោះហុងកុង ទៅជា​«បដិវត្តន៍ពណ៌​»ប្រឆាំងទីក្រុងប៉េកាំង​

ចែករំលែក៖

រាល់ការធ្វើបដិវត្តន៍ នៅជុំវិញវិញពិភពលោក​គឺ មានការលូកដៃ ពីអាមេរិក ចូលទាំងអស់ ។ នៅពេលនេះអាមេរិក​កំពុងតែលូកដៃ ចូលក្នុងវិបត្តិកោះហុងកុង​ ជំរុញឲ្យពលរដ្ឋ​នៅកោះនេះ បន្តធ្វើបាតុកម្ម ក្លាយទៅជាបដិវត្តន៍ ពណ៌ ប្រឆាំងទីក្រុងប៉ាកាំង ។

នៅពេលនេះដែរអាមេរិក បានប្រកាសថា ចិនបានត្រៀមលក្ខណៈបញ្ជូនរថក្រោះរថពាសដែក មកបំបែកហ្វូងបាតុករនៅកោះហុងកុង ​។​ ប៉ុន្តែទាំងនោះគ្រាន់តែ ជាយុទ្ធសាស្ត្ររបស់អាមេរិក​ ដើម្បីបំផុស​គំនិត្យជាតិនិយម ផ្តាច់ខ្លួនឯករាជ្យចេញពីចិនដីគោកតែប៉ុណ្ណោះ ​។​ ក្រុមអ្នកឯកទេស​លើកឡើងថា ប្រសិនបើ ធ្វើបដិវត្តន៍នៅកោះហុងកុងទទួលបានជោគជ័យ នោះ អាចជំរុញឲ្យមានបាតុកម្ម ដូចគ្នានេះកើតឡើងនៅក្នុងតំបន់ស្វ័យភាពជាច្រើន របស់ចិន ពេលនោះ បដិវត្តន៍ពណ៌ពិតប្រាកដនឹងកើតឡើង ​។

មន្ត្រីជាន់ខ្ពស់ចិន ទទួលបន្ទុកកិច្ចការទីក្រុងហុងកុង បានហៅបាតុកម្មតវ៉ា លាយឡំទៅដោយអំពើហិង្សាដឹកនាំដោយ ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យថា មាន «ចរិកលក្ខណៈជាបដិវត្តន៍ពណ៌»។ លើសពីនេះទៅទៀត ទីក្រុងប៉េកាំង ផ្ទាល់ ក៏បានចាត់ទុកថា បាតុកម្មតវ៉ាដ៏ហិង្សាប្រឆាំងនឹងអាជ្ញាធរ ទីក្រុងហុងកុងគឺជា «ទង្វើភេរវកម្ម»ផងដែរ បន្ទាប់ពីវាបង្ខំឲ្យអាជ្ញាធរលុបចោលជើងហោះហើររាប់រយ ។

តើបាតុកម្មតវ៉ាបច្ចុប្បន្នពិតជាមានចរិកលក្ខណៈជា «បដិវិត្តន៍ពណ៌» មែនឬទេ ហើយតើនឹងមានអ្វីកើតឡើង បន្ទាប់?

កាលពីខែមេសា កន្លងទៅ រដ្ឋាភិបាលទីក្រុងហុងកុង បានធ្វើបទបង្ហាញពីសេចក្ដីព្រាងច្បាប់មួយពាក់ព័ន្ធ នឹងការធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក។ ចំណែកឯ ក្រុមអ្នករិះគន់យល់ថាច្បាប់នេះនឹងមិន ផ្ដល់យុត្តិធម៌ដល់ជនសង្ស័យឡើយ រហូតដល់ផ្ទុះជាបាតុកម្មតវ៉ានៅក្នុងខែឧសភា ទាមទារឲ្យរដ្ឋាភិបាល លោកស្រី Carrie Lam លុបចោលច្បាប់នេះទៅវិញ។ លោកស្រី Lam សម្រេចចិត្តផ្អាកការអនុម័តច្បាប់ នេះទាំងស្រុង កាលពីខែកក្កដា កន្លងទៅ។ ប៉ុន្តែក្រុមបាតុករមិនបានស្ងប់ចិត្តឡើយ ហើយទាមទារកាន់តែ ច្រើនលើសដើមទៅទៀត។

*បាតុករចង់បានអ្វីខ្លះ?

ក្រោយច្បាប់ធ្វើបត្យាប័នត្រូវបានផ្អាកនិតិវិធីអនុម័ត ក្រុមបាតុករនៅតែទាមទារឲ្យរដ្ឋាភិបាលទីក្រុងហុងកុង លុបចោលច្បាប់នេះទាំងស្រុងតែម្ដង ហើយព្រមពេលជាមួយគ្នា ការទាមទារក៏មានកាន់តែច្រើនឡើងដែរ ដូចជា៖

– លុបចោលសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នទាំងស្រុង

– លុបចោលការចាត់ទុកបាតុកកម្មតវ៉ាថាជា «កុប្បកម្ម»

– លើកលែងទោសឲ្យបាតុករទាំងអស់ដែលត្រូវបានចាប់ខ្លួន

– ស៊ើបអង្កេតលើការរំលោភបំពានរបស់ប៉ូលិសលើបាតុករ

– នាយកប្រតិបតិ្តទីក្រុងហុងកុង លោកស្រី Carrie Lam ត្រូវតែចុះចេញពីតំណែង តែរឿងនេះលោកស្រី បដិសេធ។

*ហេតុអ្វីបានចិនចាត់ទុកថាបាតុកម្មតវ៉ាបច្ចុប្បន្ន «មានលក្ខណៈជាបដិវត្តន៍ព៌ណ»?

លោក Zhang Xiaoming ជានាយកក្រុមប្រឹក្សារដ្ឋទទួលបន្ទុកកិច្ចការទីក្រុងហុងកុង និងម៉ាកៅ បានចោទ ត្រង់ៗតែម្ដងថា បាតុកម្មតវ៉ាដ៏ហិង្សាបច្ចុប្បន្នគឺមាន «ចរិកលក្ខណៈជាបដិវត្តន៍» ហើយព្រមានថាទីក្រុង ប៉េកាំង នឹងមិនអង្គុយនៅស្ងៀមឡើយ ចំពោះអ្វីដែលកំពុងកើតឡើងនៅក្នុងទីក្រុងហុងកុង។ ប៉ុន្តែ អ្វីដែល គួរឲ្យកត់សម្គាល់ ការលើកឡើងរបស់លោក Xiaoming កើតមានឡើងនៅចំពេលប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នាពេលថ្មីៗនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីមន្ត្រីជាន់ខ្ពស់ម្នាក់នៃស្ថានកុងស៊ុលអាមេរិក ប្រចាំទីក្រុងហុងកុង លោកស្រី Julie Eadeh បានជួបពិភាក្សាជាមួយមេដឹកនាំក្រុមបាតុករគាំទ្រ លិទ្ធិប្រជាធិបតេយ្យដ៏ធំមួយ នៅក្នុងទីក្រុងហុងកុង គឺលោក Joshua Wong Chi-fung។

លើសពីនេះទៅទៀត ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ក៏បានបញ្ចេញរូបភាពជាច្រើនសន្លឹកផងដែររបស់ក្រុមបាតុករមួយចំនួន ដែលនាំគ្នាគ្រវីទង់ជាតិអាមេរិក ក៏ដូចជាស្រែកទាមទារសេរីភាព, សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិតេយ្យ កំឡុងពេលធ្វើបាតុកម្មតវ៉ានាពេលកន្លងមក។ តែទោះជាយ៉ាងនេះក្ដី រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន បានទាត់ចោលការចោទប្រកាន់ពីភាគីចិន ហើយថាការបង្ហោះរូបភាពមន្ត្រីទូតអាមេរិក គឺជាទង្វើគ្មានទំនួលខុសត្រូវ។

*តើនឹងមានអ្វីកើតឡើងបន្ទាប់ ក្រោយចិនហៅបាតុកម្មតវ៉ាជា«បដិវត្តន៍ពណ៌»?

ការប្រកាសចាត់ទុកបាតុកម្មតវ៉ារបស់ក្រុមបាតុករទីក្រុងហុងកុង ជាបដិវត្តន៍ពណ៌ អាចនឹងអនុញ្ញាតឲ្យ រដ្ឋាភិបាលទីក្រុងប៉េកាំងធ្វើអន្តរាគមន៍ក្នុងនោះរួមមានទាំងយោធា ដើម្បី ដោះស្រាយវិបត្តិបច្ចុប្បន្ន។ ដ្បិត បើតាមមាត្រា១៨ នៃច្បាប់ Basic Law នៅក្នុងករណី មានសង្រ្គាម ឬមានភាពចលាចលណាមួយដែល អាចនឹងបំផ្លាញដល់ឯកភាពជាតិ និងសន្តិសុខរបស់ទីក្រុងហុងកុង រដ្ឋាភិបាលទីក្រុងប៉េកាំង អាចនឹង ប្រកាសភាពអាសន្ន ក៏ដូចជាអនុវត្តច្បាប់ជាតិនានា មានទាំងការធ្វើអន្តរាគមន៍យោធាជាដើម ក្នុងបុព្វហេតុ ផលប្រយោជន៍ជាតិ។​

គួរបញ្ជាក់ថា នាយកប្រតិបត្តិក្រុងហុងកុង លោកស្រី Carrie Lam នៅថ្ងៃអង្គារនេះ បាននិយាយថា បាតុកម្មតវ៉ាដ៏ហិង្សានៅក្នុងទីក្រុងហុងកុង នឹងជំរុញឲ្យទីក្រុងមួយនេះដើរលើផ្លូវដែលមិនអាចត្រឡប់ ក្រោយវិញបាន។ ម្យ៉ាងវិញទៀត ការលើកឡើងបែបនេះរបស់លោកស្រី ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានបញ្ចេញរូបភាពជាច្រើនសន្លឹកដែលបង្ហាញពីរថពាសដែក និងរថក្រោះ ជាច្រើនគ្រឿងកំពុងចល័តលើដងផ្លូវ ក្នុងទីក្រុងមួយមានព្រំទល់នៅមិនឆ្ងាយប៉ុន្តែមានឡើយពី ទីក្រុងហុងកុង៕


ចែករំលែក៖