ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រាជិះម៉ូតូទៅបុកម៉ូតូកង់បីចតស្ងៀមតាមចិញ្ចើមផ្លូវពីក្រោយរបួសបាក់ជើងម្ខាង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងសង្ស័យ ស្រវឹងស្រាជិះទៅបុកម៉ូតូបីមួយគ្រឿងចតស្ងៀម តាមចិញ្ចើមផ្លូវពីក្រោយពេញទំហឹងបណ្តាលឲ្យរងដួលរបួសបាក់ជើងម្ខាង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខភោជនីយដ្ឋាន កែវព្រិល ភ្នំពេញថ្មី តាមបណ្តោយផ្លូវ១០០៣ កែងនឹងផ្លូវ១៩៨៤ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសង់ស៊េរី ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HJ-9844 ធ្វើដំណើរតាមបណ្តោយផ្លូវ១០០៣ ​ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងស្តាដៃជ្រុលទៅបុកម៉ូតូកង់បី ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1FM-7241 ម្ចាស់ចតស្ងៀមតាមចិញ្ចើមផ្លូវមុខហាងកើតហេតុខាងលើពីក្រោយពេញទំហឹងបណ្តាល ឲ្យរបួសបាក់ជើងស្តាំម្ខាង ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកកន្លែងកើតហេតុ ដោយភាគីទាំងសងខាងសម្របសម្រួលគ្នាដោយភាគីខាងម៉ូតូកង់បីមិនទារសំណងនោះទេ បានឲ្យសាច់ញាតិជនរងគ្រោះយកម៉ូតូទៅផ្ទះវិញ និងព្យាបាលរបួសដោយខ្លួនឯង ៕ សុខាសែនជ័យ​


ចែករំលែក៖