លោក ដូណាល់ ត្រាំ កំពុងក្លាយជាប្រធានាធិបតី អាមេរិកដែលបង្កឲ្យមានវិវាទ ជាទ្រង់ទ្រាយធំ ហើយក៏ជាប្រធាធិបតីដែលទទួលរងនៅការប្តឹងពីពលរដ្ឋ អង្គការសង្គមស៊ីវិល ច្រើនជាងគេបំផុត ហើយសូម្បីតែប្រាក់ចំណាយសម្រាប់សាងសង់ជញ្ជាំងព្រំដែន ក៏បានឆ្លងកាត់ការកាត់ក្តីពីតុកាលាផងដែរ ។
ដោយហេតុនោះហើយ លោកត្រាំបានចេញមុខប្រកាសថា «ខ្ញុំខាត់បង់ប្រាក់៥ពាន់លានដុល្លារពេលក្លាយជាប្រធានាធិបតីអាមេរិក» ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកត្រូវចំណាយប្រាក់រាប់ពាន់លានដុល្លារ សម្រាប់ជួលមេធាវី ក្នុងរឿងរ៉ាវប្តឹងផ្តល់ នាពេលកន្លងមក ។ កាលពីថ្ងៃទី១៣ ខែសីហា ពេលបំពេញទស្សនកិច្ចទៅកាន់ រោងចក្រ ផលិតប្រេង Shell នៅរដ្ឋ Pennsylvania ថា លោកត្រូវចំណាយប្រាក់រាប់ពាន់លានដុល្លារ សម្រាប់បង់ថ្លៃមេធាវីការពារ ក្នុងការដោះស្រាយ រឿងរ៉ាវ ពាក់ព័ន្ធនឹងពាក្យបណ្តឹងផ្សេងៗ ដែលពីមុនមិនដែលមានឡើយ ។
ប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងថា ស្ទើរតែរៀងរាល់ថ្ងៃមានមនុស្ស គ្រប់ប្រភេទមកប្តឹងលោក ដូច្នេះលោកត្រូវជួលមេធាវី ដើម្បីការពាររាល់ការប្តឹងផ្តល់ទាំងឡាយ ។ លោកត្រាំបញ្ជាក់ថា ខ្ញុំអាចបាត់បង់ប្រាក់ពី៣-៥ពាន់លានដុល្លារ ប៉ុន្តែខ្ញុំមិនចាប់អារម្មណ៍នោះឡើយ អ្វីដែលខ្ញុំចង់ធ្វើគឺបំពេញភារកិច្ចបានយ៉ាងល្អបំផុត ដែលអាចធ្វើទៅបាន ។
ជាមួយគ្នានេះដែរ លោកត្រាំ ក៏បានវាយប្រហារទៅលើ អតីតប្រធានាធិបតី អូបាម៉ា ផងដែរថា ខ្ញុំត្រូវគេប្តឹង ពាក់ព័ន្ធ ប្រាក់ចំណូល ។ ប៉ុន្តែមិនមានអ្នកណាម្នាក់ចាប់អារម្មណ៍ថា លោកអូបាម៉ា ទទួលបានដល់ទៅ៦០លានដុល្លារ សម្រាប់សៀវភៅមួយក្បាល ដែលមិនមានអតីតប្រធានាធិបតីអាមេរិក រូបណា ធ្វើបានបែបនេះនោះឡើយ ។
រឿងក្តីពាក់ព័ន្ធនឹង ប្រធានាធិបតី ដូណាល់ ត្រាំ បានច្រើន ចាប់តាំងពីការរំលោភបំពានផ្លូវភេទ រហូតដល់នយោបាយ ។ រឿងក្តីដែលមិនទាន់អាចដោះស្រាយបាននោះគឺ ពាក់ព័ន្ធការ លូកដៃរបស់រុស្សី ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦ ជួយឲ្យលោកត្រាំ យកឈ្នះ លោកស្រីហីលឡារី គ្លីនតុន ៕