ពលរដ្ឋឥណ្ឌូនេស៊ីដែលបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយនាំគ្នាធ្វើបាតុកម្ម ស្ថិតនៅរដ្ឋធានី Manokwari របស់ West Papua ប្រទេសឥណ្ឌូនេស៊ីនោះ ក្រុមបាតុករបានដុតអគាររដ្ឋសភា និងហាងលក់ទំនិញនៅក្នុងតំបន់ ។
បាតុកម្មហិង្សាបានផ្ទុះឡើងទ្រង់ទ្រាយធំ នៅតំបន់ West Papua របស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ។ បាតុកម្មនេះ ក្រុមបាតុករបានសម្តែងការខឹងសម្បាចំពោះប៉ូលិស ដែលរងចោទថា បានធ្វើទារុណកម្មរំលោភជិះជាន់ប្រឆាំងនិស្សិតជនជាតិភាគតិចនៅតំបន់ Papua ។ ក្រុមបាតុករបានដុតអគារជាច្រើនកន្លែង ព្រមទាំងបិទផ្លូវផងដែរ ។
លោក Dedi Prasetyo អ្នកនាំពាក្យប៉ូលិសជាតិឥណ្ឌូនេស៊ីថ្លែងថា អគារដែលកាន់កាប់ដោយអភិបាលខេត្ត Dominggus Mandacan នៅ West Papua ត្រូវរងនូវការដុតបំផ្លាញផងដែរ ។ ប៉ុន្តែនៅពេលនេះ មិនទាន់មានរបាយការណ៍បញ្ជាក់អំពីអ្នកស្លាប់ ឬរងរបួសនោះឡើយ ខណៈដែលបាតុកម្មកំពុងប្រព្រឹត្តទៅ ។
បាតុករភាគច្រើនជាក្រុមនិស្សិតវ័យក្មេង គ្រវីទង់ជាតិ មានរូប «ផ្កាយព្រឹក» ដែលជានិមិត្តរូបមួយ ខ្លួនគ្រប់គ្រងដោយខ្លួនឯងរបស់ប្រជាជននៅតំបន់ Papuaនោះ ។ បាតុករម្នាក់ស្រែកថា យើងមិនមានពណ៌ស ឬពណ៌ក្រហមនោះទេ យើងគឺជា ផ្កាយព្រឹក ដោយយោងទៅលើទង់ជាតិរបស់ឥណ្ឌូនេស៊ី និងនិមិត្តសញ្ញារបស់ប្រជាជនតំបន់ Papua ។ ជនទាំងឡាយណាដែលកាន់ ឬគ្រវីទង់ ឬនិមិត្តសញ្ញាដែលហាមឃាត់នេះ អាចប្រឈមការចាប់ខ្លួន និងដាក់គុក១៥ឆ្នាំ ។
នៅទីក្រុង Jayapura ទីក្រុងធំបំផុតនៅ Papua ដែលជាខេត្តភាគខាងកើតបំផុតរបស់ឥណ្ឌូនេស៊ីនោះ មានការដង្ហែក្បួនបាតុកម្មផងដែរ ។ មនុស្សរាប់រយនាក់បើកបរម៉ូតូចូលរួមការតវ៉ានេះ ។ បាតុករខ្លះទម្លាក់ទង់ជាតិឥណ្ឌូនេស៊ីស្ថិតនៅខាងក្រៅអគារការិយាល័យអភិបាលខេត្ត Lukas Enembe ផងដែរ ។
តំបន់ West Papua របស់ឥណ្ឌូនេស៊ីត្រូវបានបែងចែកជាពីរខេត្ត គឺខេត្ត West Papua មួយ និងខេត្ត Papua មួយ ។ បាតុកម្មនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ បានផ្ទុះឡើង ក្រោយការចាប់ខ្លួនកាលពីសប្តាហ៍មុន និស្សិតភាគតិច Papua ដែលរស់នៅតំបន់ Surabaya និងនៅ Malang លើដែនកោះ ជ្វា (Java) ។
និស្សិតទាំងនោះរងចោទប្រកាន់ពីបទបោះទង់ជាតិឥណ្ឌូនេស៊ីចូលក្នុងលូ ។ ការចោទប្រកាន់នេះ ត្រូវបាននិស្សិតទាំងនោះច្រានចោល ។ និស្សិតទាំងនេះក៏បានបញ្ជាក់ថា ក្រុមប៉ូលិសបានចាក់សោអន្តេវាសិកដ្ឋានរបស់និស្សិត Papua ហើយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក នៅតាមបន្ទប់របស់ពួកគេ ។ សារព័ត៌មានឥណ្ឌូនេស៊ីឈ្មោះ Tirto ក៏ដូចបណ្តាញផ្សព្វផ្សាយព័ត៌មានផ្សេងទៀតផ្សាយថា និស្សិតទាំងនោះជាកម្មវត្ថុនៃការរំលោភបំពាន រើសអើងពូជសាសន៍ ។ ពួកគេត្រូវបានគេហៅថា «អាស្វា» ដោយពួកអ្នកឈរមើល នៅពេលក្រុមប៉ូលិសឡោមព័ទ្ធពួកគេនោះ ៕