ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចសង្ឃកាតូលិច​ នឹងទស្សនកិច្ចមកកាន់ប្រទេសថៃ​

ចែករំលែក៖

កន្លងមក សម្តេចសង្ឃ​ Pope ​ក៏ធ្លាប់បានទស្សនកិច្ចទៅកាន់ប្រទេស ដែលមានពលរដ្ឋ​កាន់​សាសនា ព្រះពុទ្ធភាគ ច្រើន ក្នុងនោះមានប្រទេសមីយ៉ានម៉ា ជាដើម ហើយពេល​នេះ​​​ដែរ សម្តេចសង្ឃ​ប៉ប ​នឹងទស្សនកិច្ចទៅកាន់ប្រទេសថៃ​ ដែលជាប្រទេសកាន់​ព្រះពុទ្ធ​សាសនា ។

សម្តេចសង្ឃកាតូលិក Pope Francis នឹងយាងបំពេញទស្សនកិច្ច​ផ្លូវការ​ទៅកាន់ប្រទេសថៃ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុននេះ មុនពេល​ដែលបានប្រកាស​រួចហើយ បំពេញទស្សនកិច្ច​ទៅកាន់ប្រទេសជប៉ុន ។ ព្រះអង្គគឺជាសម្តេចសង្ឃ​កាតូលិក​ដំបូង​​គេ​ក្នុងអំឡុងពេលជិត​៤ទសវត្សរ៍​ដែលយាង​បំពេញទស្សនកិច្ច​នៅប្រទេស​ទាំងពីរនេះ ។ នេះបើតាមប្រភព​ពីមន្ទីរ វ៉ាទីកង់ ថ្លែងប្រាប់ប្រភពរ៉យទ័រ​ផ្សាយ​កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ។

ប្រភពដោយឡែក​ចំនួន៣​បានបញ្ជាក់ថា ដំណឹង​យាងទស្សនកិច្ច​របស់ស្តេចសង្ឃកាតូលិក នឹងប្រកាស​នៅពេលឆាប់ៗនេះ ។ សម្តេចសង្ឃចុងក្រោយគេបំផុត គឺសម្តេចសង្ឃ Pope John Paul បានយាងទស្សនកិច្ច​នៅជប៉ុន​ក្នុងឆ្នាំ​១៩៨១ និងនៅប្រទេសថៃ ក្នុងឆ្នាំ១៩៨៤ ។

កាលពីខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ សម្តេចសង្ឃកាតូលិកបច្ចុប្បន្ន Francis បានមានបន្ទូលដោយព្រះអង្គផ្ទាល់​អំពីគម្រោងយាងទៅទស្សនកិច្ច​នៅជប៉ុន, ទៅកាន់ទីក្រុងតូក្យូ និងទីក្រុង២ផ្សេងទៀត ដែល​ត្រូវអាមេរិកទម្លាក់គ្រាប់បែក​បរមាណូ ថ្ងៃបញ្ចប់សង្គ្រាមលោកលើកទីពីរ គឺទីក្រុង ហ៊ីរ៉ូស៊ីម៉ា និងទីក្រុង ណាហ្គាសាគី ។

ដំណើរយាងទស្សនកិច្ចរបស់សម្តេចសង្ឃ​កាតូលិក​ទៅកាន់ប្រទេសទាំងពីរនេះ ទីដែល​មានកាតូលិកបរិស័​ទតូចតួច ប្រហែលជាងពាក់កណ្តាល​មួយភាគរយ​នៃប្រជាជនសរុប​នោះផង គឺត្រូវបានរំពឹងថា នឹងធ្វើឡើង​រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩តទៅ ។ ថៃជាប្រទេស​ដែល​កាន់លទ្ធិពុទ្ធសាសនា​ភាគច្រើន​បំផុត រីឯជប៉ុនវិញ ភាគច្រើន​កាន់សាសនាព្រះពុទ្ធ និងសាសនា ស៊ីនតូ (Shinto) ។

គោលបំណង​នៃដំណើរយាងទស្សនកិច្ចនេះ គឺ​ដើម្បីជំរុញ​បង្កើន​ពិភាក្សាជាមួយមេដឹកនាំសាសនាដទៃផ្សេងទៀត ក្នុងបញ្ហាលើកស្ទួយ​ និងជ្រោងសន្តិភាព​នៅលើពិភពលោក ។

ក្នុងអំឡុងស្តេចយាង​នៅប្រទេសថៃនោះ ក៏ចំពេលដែល​ខួបទី​៣៥០ឆ្នាំ ការបង្កើត​«បេសកម្ម​នៅស្យាម» ( Mission de Siam) របស់សម្តេចសង្ឃ Pope Clement IX ដើម្បី​ត្រួតពិនិត្យ​បេសកកម្ម​នៅ​លើទីដី​ស្យាម​ផងដែរ ។ ស្យាម ឬសៀម គឺជាថៃ​កាលពីអតីតកាល ៕


ចែករំលែក៖